នយោបាយ

សម្តេច ស ខេង មិនទាន់និយាយអ្វីពាក់ព័ន្ធ EBA ខណៈបញ្ជូនរបាយ ការណ៍រួចរាល់ទៅ EU

ភ្នំពេញ ៖ ក្រោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ EBA សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាមិនទាន់បរិយាអ្វីតបទៅ EU ឡើយ ខណៈបានបញ្ជូន របាយការណ៍ទៅរួចរាល់ហើយ ។

នាពេលថ្មីៗនេះ EU ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពី ការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលពីថ្ងៃ១២វិច្ឆិកាដល់១២ធ្នូ ។ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីឆ្លើយតបចុងក្រោយ ដើម្បីឆ្លើយតបចំពោះរបាយការណ៍ របស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធ EBA ដោយសង្ឃឹមថា អឺរ៉ុបនឹងពិចារណា ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត ។

យោងតាមការចេញផ្សាយ របស់អាស៊ីសេរីកាលពីថ្ងៃទី១៦ ធ្នូ បានឲ្យដឹងថា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក ចូសេប បូរែល ហ្វុងតែល (Josep Borrell Fontelles) បានថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រោះនេះជារឿងចាំបាច់ ដែលអាចឲ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធ EBA បន្តទៅទៀត។

ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធ របស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ស ខេង បានប្រាប់អ្នកសារព័ត៌មានថា “ឥឡូវនេះខ្ញុំអត់មានអីឆ្លើយតបអីទេ? ពីព្រោះរបាយការណ៍ យើងបានបញ្ជូនទៅអស់ហើយ” ។

សូមបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យកម្ពុជាចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ ៕ ដោយ ៖ អេង ប៊ូឆេង

To Top
×