នយោបាយ

សម្ដេចតេជោ ៖ បើសិនមន្ដ្រីថ្នាក់ជាតិ គិតតែរាយការណ៍ រួចបន្ទោសទៅថ្នាក់ក្រោម ត្រូវបញ្ឈរជើង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានទុកជាមុនថា បើសិនជាមន្ដ្រីថ្នាក់ជាតិ គិតតែពីរាយការណ៍ រួចបែរជាទៅបន្ទោសមន្ដ្រីថ្នាក់ក្រោមជាតិ ដោយមិនដោះស្រាយ បញ្ហានៅនឹងកន្លែង គឺត្រូវបញ្ឈរជើងចោល ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នៅពេលគ្រោះធម្មជាតិ កើតឡើងនៅឆ្នាំ២០២០ ខាងមុខដោយចៃដន្យ មិនបានត្រៀមថវិកាទុកទេ នៅពេលនោះនឹងបង្ហាញចេញ ឲ្យឃើញនូវសមត្ថភាពរបស់មន្រ្តីម្នាក់ៗ ទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិហើយ ។

សម្ដេចបន្ដថា ពាក់ព័ន្ធមន្រ្តីមាន ២ ប្រភេទគឺ ទី១- នៅថ្នាក់ខេត្ត ពូកែខាងរាយការណ៍ឲ្យថ្នាក់លើ ហើយបន្ទោសឲ្យខាងក្រោម , ទី២-គឺជាមន្រ្តីដោះស្រាយបញ្ហា នៅនឹងកន្លែង គឺចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជាមួយពលរដ្ឋ ទើបហៅថា មនុស្សមានសមត្ថភាពពិតប្រាកដ ។

សម្ដេចតេជោមានប្រសាសន៍ថា “បើសិនជាមន្ដ្រីគិតតែពីរាយការណ៍ និងបន្ទោសទៅក្រោម មន្ដ្រីហ្នឹង គឺថា បន្ទាប់ទៅ គឺត្រូវតែយកទុកដាក់ គឺហៅថា បញ្ចូលឃ្លាំងមួយកន្លែង (បញ្ឈរជើង)” ។

បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា អះអាងថា មន្ដ្រីរបៀបនេះ មិនអាចឲ្យបន្ដកាន់ការងារបានទៀតទេ។ ជាមួយគ្នានេះដែរ សម្តេចក៏បានលើកឡើង ពីករណីបាក់រំលំអគារ នៅខេត្តព្រះសីហនុផងដែរ នាពេលកន្លងមក ដោយពេលនោះ មន្រ្តីថ្នាក់ជាតិមានការយឺតយ៉ាវ ក្នុងការដោះស្រាយ ៕ ដោយ៖ អេង ប៊ូឆេង

To Top
×