ព័ត៌មានជាតិ

ក្រសួងការសាធារណការ បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកមិនគិតថ្លៃនៅបាត់ដំបង

ភ្នំពេញ ៖ ក្នុងគោលបំណងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តាខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តធ្វើការផ្សព្វផ្សាយអប់រំ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដោយមិនគិតថ្លៃ នៅខេត្តបាត់ដំបង។

លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក សួ ប៊ុណ្ណារ៉ុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងស្រដៀងគ្នា ក្នុងយុទ្ធនាការផ្សព្វផ្សាយ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា យុទ្ធនាការអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍” និងការចែកមួកដោយឥតគិតថ្លៃ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យល់ដឹងបន្ថែមពីសុវត្ថិភាពចរាចរណ៍ ពិសេសប្រុងប្រយ័ត្នខ្ពស់ ពេលបើកបរក្នុងការគោរពច្បាប់ និងបើកបរត្រូវពាក់មួកសុវត្ថិភាព ។

លោកបន្តថា យុទ្ធនាការនេះមានរៀបចំជាកម្មវិធីសួរ និងឆ្លើយសំណួរយកមួកតាមរយៈកម្មវិធី “Cambodia Driving Rules” ដែលជាកម្មវិធីប្រើប្រាស់ លើឧបករណ៍អេឡិចត្រូនិច បង្កើតឡើងដោយក្រសួងសាធារណការ និងការចែកឯកសារ ពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងការបិតស្ទីកឃ័រចំណាំងផ្លាត លើទោចក្រយានយន្ត និងការផ្តល់សេវាត្រួតពិនិត្យ សុវត្ថិភាពយានយន្តចំនួន៣០ចំណុច ដល់អ្នកចូលរួមទាំងអស់ផងដែរ។

សូមជម្រាបថា យុទ្ធនាកាអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍” បានធ្វើឡើង នៅចំណុចក្បែររង្វង់មូល លោកតាដំបងគ្រញូង ក្រុងបាត់ដំបង ។ ក្រសួងនឹងបន្តធ្វើការអប់រំ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្តាលខេត្តមួយចំនួនដូចជា សៀមរាប កំពង់ធំ និងកំពង់ចាម ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top