ព័ត៌មានជាតិ

នគរបាលខេត្តស្វាយរៀង បង្ក្រាប ករណីគ្រឿងញៀនឆ្លងដែន

ស្វាយរៀង ៖ សមត្ថកិច្ច ខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចវៀតណាម បានបង្ក្រាបករណីរក្សាទុកគ្រឿងញៀន និងសារធាតុគីមីផ្សំ ក្នុងនោះឃាត់ខ្លួនមនុស្សពីរនាក់ បម្រុងនាំគ្រឿងញៀន ឆ្លងដែនទៅប្រទេសវៀតណាម។

លោកវរៈសេនីយ៍ឯក កែវ ថា ស្នងការរង នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង ១០:៣០ នាទីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញបានទទួលព័ត៌មាន ពីភាគីវៀតណាម ស្តីពីការបង្ក្រាបករណី ជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចស្លាបខាងឆ្វេង ចន្លោះបង្គោលសីម៉ា ១៧០-១៧១ព្រំដែនវៀតណាម ភូមិឡុងភី ឃុំឡុហឹង ស្រុកបេន កូវ ខេត្តតៃនិញ ឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ឈ្មោះ Nguyen thingoc bich ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម ។ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបាននាំយកថ្នាំញៀនពីជនជាតិចិន (កាន់លិខិតឆ្លងដែនលេខE85192646ចុះថ្ងៃទី02.9.2016 មុខរបរបុគ្គលិកអនឡាញកាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបា វិត ខេត្តស្វាយរៀង ។

លោកបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះ រូបលោក ដែលជា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជា មួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលនីតិវិធី តាមរយះទូរសព្ទ័ផ្ទាល់ ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្សយ័បាន០១ នាក់ ÷ឈ្មោះ Wendusu ភេទប្រុស ជនជាតិចិន នៅបន្ទប់ជួលទីតាំងខាងលើ និងបានធ្វើការឆែកឆេរបន្ទប់ជួលស្នាក់នៅ របស់ជនសង្សយ័រកឃើញ និងរឹបអូសសំភារះវត្ថុតាងរួមមាន:

*ថង់ម្សៅក្រាមពណ៌ថ្លា សង្ស័យជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ៧.៩១g

*ថង់ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់៨៣៤.២៦ g

*ថង់ ម្សៅក្រាមពណ៌ផ្កាឈូក សង្សយ័ជាថ្នាំញៀន ប្រភេទ MDMA(អិចស្តាស៊ី) ទម្ងន់១៣១.៦៤ g

ផ្ទាំងពាណិជ្ជកម្ម

*ថង់ម្សៅ ថ្នាំគ្រាប់ពណ៌ផ្កាឈូក សង្ស័យជាថ្នាំញៀន មេតំហ្វេតាមីនចំនួន ៤០០ គ្រាប់ ទម្ងន់ ១០២.៤២g

*ថង់ម្សៅ ក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ទម្ងន់ ៦.១៣ g

*ទឹកអាកុលចំនួន 3 ដប

*សារធាតុគីមីផ្សំ (ទឹកថ្នាំដប)ចំនួន០៧ (ធំ១)រួម និងសម្ភារះប្រើប្រាស់ វេចខ្ចប់ថ្នាំញៀន មួយចំនួន។

លោកកែវ ថា បានបញ្ជាក់ថា ថ្នាំញៀនទាំងនេះ ត្រូវបានជនសង្ស័យ នាំមកពីភ្នំពេញ ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម ហើយត្រូវកំលាំងជំនាញ របស់យើងធ្វើការបង្ក្រាបបានតែម្តង។

បច្ចុប្បន្នជនសង្សយ័០១នាក់ ជាជនជាតិចិន កំពុងត្រូវបានឃាត់ខ្លួន នៅការិយាលយ័ជំនាញ ដើម្បីបំពេញសំណុំរឿង ចាត់ការបន្តតាមច្បាប់ ៕

To Top