ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូនប៉ូលិសមន្ទីរ ប្រឆាំងគ្រឿងញៀន មកតុលាការ ករណីប្រើប្រាស់គ្រឿងញៀន និង ប្លន់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមករា នេះ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនលោកស័ក្តិ៤កន្លះ ភិន រតនៈ ប៉ូលិសនៃមន្ទីរប្រឆាំងគ្រឿងញៀន មកតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់ គ្រឿងញៀន រួចបង្ហោះជាសាធារណៈ និង ប្លន់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ។

ជនសង្ស័យ ភិន រតនៈ អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុ រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ អះអាងថា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ឈ្មោះ ភិន រតនៈ និង មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀត ជិះរថយន្តម៉ាក អាល់ហ្វាត និង បក្ខពួក២នាក់ ទៀត ជិះម៉ូតូណៃហត ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ ។

បន្ទាប់មកជនសង្ស័យឈ្មោះ ភិន រតនៈ បានដកអាវុធខ្លី មិនស្គាល់ម៉ាក បាញ់ឡើងលើមួយគ្រាប់ និងបញ្ជាឲ្យកូនចៅទៅយកលុយ ពីជនរងគ្រោះអស់ លុយដុល្លារចំនួន ៣,២០០ដុល្លារ លុយខ្មែរចំនួន ២៨ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន១គ្រឿង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្តឹង ក្រុមជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោមភ្លាមៗ ទើបឈានដល់មានការ ឃាត់ខ្លួនជនសង្ស័យតែម្តង ។

កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីប របស់ជនសង្ស័យឈ្មោះ ភិន រតនៈ ប្រើប្រាស់គ្រឿងញៀន តាមបណ្តាញសង្គម ហ្វេសប៊ុក ផងដែរ ៕

To Top