ព័ត៌មានជាតិ

សម្តេច ហេង សំរិន ៖ ៧មករា ជាការចងចាំ ថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ជាតិទៅមុខទៀត

ភ្នំពេញ ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ក្នុងឱកាសចូលរួមប្រារព្ធខួបលើកទី៤១ឆ្នាំ នៃថ្ងៃជ័យជំនះមករា បានលើកឡើងថា ៧មករា គឺជាការចងចាំ ដើម្បីថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិទៅមុខទៀត ។

សម្តេចហេង សំរិន បន្តថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ពលរដ្ឋគ្រប់រូប ។ ៧មករា ឆ្នាំ១៩៧៩ បានជួយសង្រោះជីវិតប្រជាពលរដ្ឋ ពីរណ្តៅមរណៈ ហើយបើគ្មានថ្ងៃរំដោះនេះទេ ម្ល៉េះជីវិត ពលរដ្ឋមិនដឹងប៉ុន្មានលាននាក់ទៀតទេ ត្រូវសម្លាប់ ហើយទំហំគ្រោះមហន្តរាយ ចំពោះប្រទេសជាតិ ក៏មិន ដឹងថាដល់កម្រិតណានោះដែរ ក្រោមស្នាដៃឃោរឃៅ នៃរបបប្រល័យពួជសាសន៍ ប៉ុល ពត។

អនុប្រធានគណបក្សកាន់អំណាចថា របបអាវខ្មៅកម្ពុជាប្រជាធិបតេយ្យ បានសម្លាប់ធនធានមនុស្ស ស្ទើរគ្មានសល់ ហើយហេដ្ឋារចនាសម្ព័ន្ឋសង្គម បានបំផ្លាញសឹងទំាងអស់។ ក្រោយថ្ងៃរំដោះ សល់តែបាតដៃទទេ។ ក្នុងនោះបានកសាង ស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីបាតដៃទទេគ្មានអ្វីសោះ ដោយដៃម្ខាងកសាងប្រទេសជាតិ និងដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប៉ុលពត សារជាថ្មី។

សម្តេច ហេង សំរិន រៀបរាប់បន្តថា ដំណើរលើផ្លូវដ៏លំបាក និងវែងឆ្ងាយជាង៤១ឆ្នាំមកនេះ កម្ពុជាបានជួបឧបសគ្គរាប់មិនអស់ តែក្នុងស្មារតីជាតិ មាតុភូមិ និងប្រជាជន បានបង្រួបបង្រួមខ្មែរនិងខ្មែរ បញ្ចប់សង្គ្រាមខាងក្នុងកសាងសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន បានដូចសព្វថ្ងៃនេះ។ កម្ពុជាបច្ចុប្បន្ន បានស្មើសិទ្ធ ស្មើភាព ជាមួយប្រទេសនានា នៅលើឆាកអន្តរជាតិ។

សម្តេចថា ទិវា៧មករាឆ្នាំ២០២០នេះ មិនត្រឹមជាព្រឹត្តិការណ៍ដើម្បីរំលឹក ឲ្យចងចាំថ្ងៃរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ដោយកម្លាំងស្នេហាជាតិរណសិរ្ស២ធ្នូ និងការជួយគាំទ្រពីប្រទេសជាមិត្ត ប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ បង្ហាញពីមហាសាមគ្គី និងការប្តេជ្ញាចិត្តដ៏មុះមុត របស់គណបក្សប្រជនកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាពជាអចិន្រ្តៃយ៍ ដើម្បីនាំនាវាកម្ពុជា ទៅរកការរីកចម្រើនរុងរឿង កាន់តែឆាប់រហ័ស ៕

To Top