ព័ត៌មានជាតិ

ក្រសួងកសិកម្ម កាត់បន្ថយក្រុមហ៊ុន នាំចូលមាន់រស់ ធ្វើឲ្យមានផល ចំណេញច្រើន ដល់ពលរដ្ឋខ្មែរ

ភ្នំពេញ ៖ បន្ទាប់ពីឃើញភាព អសកម្មរបស់ក្រុមហ៊ុន នាំចូលមាន់រស់ ពីក្រៅប្រទេស ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានកាត់បន្ថយចំនួនក្រុមហ៊ុន និងកូតានាំចូលពី១៣ ក្រុមហ៊ុន មក៧ក្រុមហ៊ុនវិញ ។ ការប្រកាសកាត់បន្ថយនេះ បានធ្វើឲ្យមានផលចំណេញ ជាច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុក ជាពិសេសមាន់ មានតម្លៃថ្លៃទ្វេដង។

តាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងកសិកម្ម នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ចាប់ពីដើមឆ្នាំ២០១៩ កសិករ សមាគម និងក្រុមហ៊ុនចិញ្ចឹម សត្វនៅកម្ពុជា ជួបប្រទះបញ្ហាធ្លាក់ចុះតម្លៃមាន់រស់យ៉ាងគំហុក ។ ពោលថ្លៃដើមផលិតក្នុងមួយគីឡូក្រាម ចំណាយ៥០០០រៀល តែចំពោះការលក់ចេញមាន់រស់ មានតម្លៃត្រឹមតែ៤៨០០រៀល ក្នុងមួយគីឡូក្រាម។

សេចក្ដីប្រកាសបន្ថែមថា ដោយមើលឃើញពីសភាពការណ៍បែបនេះ ក្រសួងបានកាត់បន្ថយ ចំនួនក្រុមហ៊ុននាំចូល ខណៈពីមុន៤៤០០០ក្បាល ក្នុងមួយថ្ងៃ មកត្រឹម១៧០០០ ក្បាលក្នុងមួយថ្ងៃវិញ ។

លទ្ធផលទទួលបានក្រោយកាត់បន្ថយ គឺតម្លៃមាន់រស់កើនឡើង បានល្អប្រសើរពី៦៩០០ទៅ៧៤០០រៀលក្នុងមួយគីឡូក្រាម , អ្នកចិញ្ចឹមបក្សី ប្រជាជន ក្រុមហ៊ុនចិញ្ចឹមបក្សី និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគាំទ្រ និងកោតសរសើរ ចំពោះចំណាត់ការក្រសួង លើការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ , បង្កើនទីផ្សារជូនអ្នកចិញ្ចឹមបក្សីក្នុងស្រុក , គ្រប់គ្រងបានល្អប្រសើរនូវស្ថានភាព នៃការរាលដាលនៃជម្ងឺឆ្លងបក្សី ។

ចំពោះការប្រកាសពីជោគជ័យរបស់ក្រសួង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអបអរសាទរ ហើយថា បើបិទការនាំចូលនោះ គឺអាចបង្កើនការផលិតក្នុងស្រុក។

លោកសំណូមពរថា ថ្ងៃខាងមុខ សុំឲ្យក្រសួង សាកល្បងបិទការនាំ ចូលបន្លែណាដែលកសិករ ខ្មែរអាចដាំដុះបាន ដើម្បីឲ្យប្រជាកសិករ មានលំនឹងប្រាក់ចំណូល ជាពិសេសបង្កើនឲ្យជីវ
ភាពរបស់ពួកគេ រីកចម្រើនយ៉ាងឆាប់រហ័ស ៕ ដោយ៖ធី លីថូ

To Top