ព័ត៌មានជាតិ

សម្ដេច ហេង សំរិន ប្រាប់ APPF ថាសភាកម្ពុជាគំាទ្រ នយោបាយពហុនិយម ហើយយន្តការសភា មានសារៈសំខាន់ ក្នុងការកសាងសន្តិភាព

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមប្រធាន វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក( APPF) លើកទី២៧
បានថ្លែងថា សភាមានតួនាទីចម្បង ក្នុងការបង្ការនិងផ្សះផ្សារ ជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះឱ្យទៅជា សន្តិភាពនិងការអភិវឌ្ឍន៍ខណៈសភាកម្ពុជា គំាទ្រនយោបាយពហុនិយម។

ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី ២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអស្រ្តាលី នាពេលព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០សម្តេច ប្រធានរដ្ឋសភា បានជម្រាបវេទិកាAPPF ថា អំណាចរបស់សភា ស្ថិតនៅ ក្នុងតួនាទីត្រួតពិនិត្យការសម្រេចិត្តលើថវិកា និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។ សមាជិកសភា អាចធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិ បន្ថែមទៀត ដើម្បីជំរុញការដោះស្រាយជម្លោះ ដោយសន្តិវិធីនិងផ្តល់សិទ្ធិអំណាចដល់ការចូលរួម របស់ប្រជាជនក្នុង នយោបាយពិភពលោក។

កិច្ចប្រជុំ APPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលី ជាម្ចាស់ផ្ទះនេះ រៀបចំធ្វើឡើងចាប់ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា នាទីក្រុងកង់បេរ៉ា។ ពិធីបើកជាផ្លូវការកិច្ចប្រជុំនៅ ព្រឹកនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ដោយមានមូលបទ «ភាពជាដៃគូសភាសម្រាប់ ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។

សម្តេចហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានអញ្ជើញ ឡើងថ្លែងសុន្ទរកថា ក្នុងពិធីបើកនេះដែរ ក្នុងនាម សម្តេច ជាប្រធាន APPF លើកទី២៧ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ កាលពីដើមឆ្នាំ២០១៩។

សម្តេច ហេង សំរិន បានវាយតម្លៃថា មូលបទសម្រាប់កិច្ចប្រជុំ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងនូវភាពចាំបាច់ និងសារៈសំខាន់សម្រាប់ បណ្តាសភានៅ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូ ក្នុងការដោះស្រាយ បញ្ហាសកល និងតំបន់ ក៏ដូចជាបញ្ហា ប្រឈមផ្សេងៗទៀត។

សម្តេច បានជម្រាប APPFថា កម្ពុជាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងគោលដៅរួមចំណែកសម្រេចបាននូវក្តីប្រាថ្នា រួមរបស់តំបន់ ព្រមទាំងទស្សនៈវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជា ប្រទេស មានចំណូលមធ្យមកម្រិត ខ្ពស់ នៅឆ្នាំ២០៣០។ ពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួម យ៉ាងសកម្មនៅក្នុងយន្តការ ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណង ចូលរួមចំណែកចំពោះ សន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកប ដោយចីរភាព។

នៅចំពោះមុខប្រតិភូចូលរួម ទំាងសមាជិកនិង អ្នកសង្កេតការណ៍ ប្រមាណ៣០ប្រទេស លោក តូនី ស្មីត ក៏បានលើកឡើងពីតួនាទី ដ៏សំខាន់របស់សភា ដើម្បីធានាដល់នីតិរដ្ឋដែលផ្តល់ វិបុលសុខដល់ប្រជាពលរដ្ឋ។ ប្រធានAPPF លើកទី២៨ បានស្នើដល់សមាជិកចូលរួមជជែក ចែករំលែកបទពិសោធន៍គ្នា ដោយការ ស្រឡាញ់ជុំវិញបញ្ហា សន្តិសុខ សេដ្ឋកិច្ច ស្រ្តី និងកិច្ចសហប្រតិបត្តិការ ដែលសេចក្តីសម្រេច លើវិស័យទំាងអស់ នោះនឹងបម្រើដល់ផលប្រយោជន៍ ប្រជាជននៅក្នុងតំបន់និងសកលលោក។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើង ដោយ អតីតនាយករដ្ឋមន្រ្តី ជប៉ុនលោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណង ប្រមូលផ្តុំសភាក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយ បញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងតំបន់ និងសកលលោក។ អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ។

លោក តូនី ស្មីត បានស្វាគមន៍ ដល់បណ្តាប្រទេសផ្សេងទៀតចូលជាសមាជិក APPF ជាពិសេសបណ្តាប្រទេស ដែលជាកោះនៅជុំវិញ ប្រទេសអូស្ត្រាលី។ ប្រធានរដ្ឋសភា អូស្រ្តាលី គូសបញ្ជាក់ថា APPF បានផ្តល់ឱកាសស្មើគ្នាដល់សមាជិក ដើម្បីកិច្ចសហប្រតិបត្តិការមួយដ៏ស្មោះត្រង់ ក្នុងការដោះស្រាយបញ្ហា រួមជូនពលរដ្ឋ៕

To Top