ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយប្រើដាវ ប្លន់ម៉ូតូជនរងគ្រោះ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាតខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូជនរងគ្រោះ កាលពីវេលាម៉ោង០០និង១០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ ។

នគរបាលខណ្ឌច្បារអំពៅ បានអោយដឹងថា ជនរងគ្រោះឈ្មោះ លន់ ផល្លី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង០០និង១០នាទី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះអង្គុយលើម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស្លាកលេខមិនចាំ រងចាំឌុបម៉ូយនៅមុខ ហាងថៃសាន្ត ខណ្ឌចំការមន ពេលនោះក៏មានជនសង្ស័យ០២នាក់ ឈ្មោះ តឹក ចំរើន និងឈ្មោះ ញ៉ា បានហៅជនរងគ្រោះ ឲ្យឌុបមកសង្កាត់ច្បារអំពៅទៅ២ ខណ្ឌច្បារអំពៅ ពេលនោះជនរងគ្រោះក៏ឌុបជនសង្ស័យទាំង០២នាក់ មកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ឲ្យជនរងគ្រោះឈប់ម៉ូតូ រួចយកដាវគំរាមប្លន់ យកម៉ូតូម៉ាកខាងលើ ជិះគេចខ្លួនយកម៉ូតូទៅឲ្យបក្ខពួក០១នាក់ទៀតឈ្មោះ ឌែម យកទៅបញ្ចាំគេបាត់ ចំណែក ដាវជនសង្ស័យបោះចោលបាត់។

រហូតដល់ម៉ោង០០ និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ តឹក ចំរើន នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕

To Top