ព័ត៌មានជាតិ

ពលរដ្ឋជិត ៤០០គ្រួសារ នៅខេត្តពោធិ៍សាត់ អាស្រ័យផល លើអណ្ដូងទឹកដែល ជាមូលនិធិរបស់មាតា បិតា របស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

ភ្នំពេញ ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ បានអញ្ជើញចុះប្រគល់អណ្តូងទឹកស្អាត ដែលជាមូលនិធិ របស់អ្នកឧញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ចំនួន១០អណ្តូង និងមូលនិធិរបស់អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន០៩អណ្តូង ប្រគល់ជូនប្រជាពលរដ្ឋ អាស្រ័យផលស្ថិតក្នុង ឃុំសំរោង ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ កាលពីថ្ងៃទី១១ ១២ ខែមករា ឆ្នាំ២០២០ ។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជម្រាបជូនប្រជាពលរដ្ឋថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងដើម្បីឆ្លើយតបតម្រូវកាចាំបាច់ របស់ប្រជាពលរដ្ឋនៅទីនេះ លោកស្រី ប្រធានមូលនីធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង និងលោកយា ឌី ប៉ុក និងមូលនិធិ លោកយាយ ប៊ុន ស៊ាងលី និងលោកតាលីន គ្រី បានសំរេចធ្វើអណ្តូងជូនប្រជាពលរដ្ឋ អាស្រ័យផលចំនួន១៩អណ្តូង តាមបំណង របស់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឲ្យដឹងទៀតថា អណ្តូងទឹកស្អាតទាំងនេះ គឺជាអំណោយមូលនីធិ របស់អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើត សម្តេចតេជោ ហ៊ុន សែន ព្រោះកាលដែលលោកទំាងពីរនៅមានជីវិត លោកចូលចិត្តធ្វើបុណ្យដាក់ទាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទដាច់ស្រយាល ខ្វះខាតប្រភពទឹកស្អាត ប្រើប្រាស់នៅរដូវប្រាំង។

ផ្ទាំងពាណិជ្ជកម្ម

ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា កន្លងមកនៅក្នុងស្រុកនេះ មានការខ្វះខាតទឹកស្អាត ប្រើប្រាស់ខ្លាំងណាស់ពិសេសនៅរដូវប្រាំងរាំងស្ងួតតែម្តង ដែលតម្រូវអោយពួកគាត់ ទៅស្វែងរកប្រភពទឹកនៅកន្លែងឆ្ងាយៗ ជួនកាលត្រូវចំណាយលុយកាក់ទិញទឹកគេទៀតផង ។

សូមជម្រាបថា នៅក្នុងកម្មវិធីប្រគល់អណ្តូងទឹកស្អាតនោះដែរ លោកស្រីប្រធានមូលនិធិក៏បានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះមកពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ រួមទាំងមានថ្នាំសំរាប់ព្យាបាលជំងឺស្រាលៗ មួយចំនួនទៀតជូនដោយអត់គិតថ្លៃ។ ក្នុងនោះដែរមានអ្នកជំងឺ៨នាក់ដែលគ្មានលទ្ឋភាពព្យាបាល លោកស្រីប្រធានមូលនីធិ ក៏បានសំរេចចិត្តយកមកព្យាបាលនៅភ្នំពេញដែលជាការឧបត្ថម្ភថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី។

សូមបញ្ជាក់ថា អណ្ដូងទឹកស្អាត ដែលជាមូលនិធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង និងលោកយា ឌី ប៉ុក និងមូលនិធិលោកយាយ ប៊ុន ស៊ាងលី និងលោកតាលីន គ្រី បានធ្វើរួចបានចំនួនជាង៨០០អណ្តូង និង បានប្រគល់ជូនប្រជាពលរដ្ឋរួចរាល់ បានចំនួនជាង៥០០អណ្ដូង និងកំពុងសាងសង់បន្ថែមទៀត នៅតាមបណ្ដាខេត្ត ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ ៕

To Top