ព័ត៌មានជាតិ

លោក ជា សុផារ៉ា ៖ សមត្ថកិច្ចកំពុងពិនិត្យ សំណង់២កន្លែងនៅព្រះសីហនុ របស់ម្ចាស់អគារដែលបាក់រលំនៅកែប

ភ្នំពេញ ៖ ក្រោយពីសំណង់លោក ឯក សារុន និងលោកស្រី ឈីវ សុធី បាក់រលំនៅខេត្តកែបថ្មីៗនេះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា បច្ចុប្បន្នសមត្ថកិច្ច និងមន្ដ្រីជំនាញ បាននិងកំពុងចុះត្រួតពិនិត្យសំណង់របស់ លោក ឯក សារុន ចំនួន២កន្លែង នៅខេត្តព្រះសីហនុ ដើម្បីធ្វើកោសល្យវិច័យ ខ្លាចមានគ្រោះថ្នាក់ដូចនៅកែបទៀត។

អាគារបាក់រលំនៅកែបចំនួន៦ជាន់ ត្រូវបានគេដឹងថា ជារបស់លោក ឯក សារុន និងមានភរិយាឈ្មោះ ឈីវ សុធី ។ ក្នុងហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យកម្មករស្លាប់៣៦នាក់ និងរបួស២៣នាក់ ។ ចំពោះខេត្តព្រះសីហនុវិញ ក៏មានគ្រោះបាក់អគារកម្ពស់៧ជាន់ បង្កឲ្យមានកម្មករស្លាប់ ចំនួន២៨នាក់ និងរបួសប្រមាណជា៤០នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

ទោះបីយ៉ាងណាក៏ដោយ លោក ជា សុផារ៉ា មិនបានបញ្ជាក់ថា សំណងរបស់លោក ឯក សារុន នៅព្រះសីហនុ សាងសង់ឡើងខុសច្បាប់ ឬត្រូវច្បាប់ទេ ។

ក្នុងពិធីផ្សព្វផ្សាយអំពីច្បាប់ ស្ដីពី សំណង់ ជូនអ្នកវិជ្ជាជីវ: ក្នុងវិស័យសំណង់ នៅថ្ងៃ១៤ មករា លោក ជា សុផារ៉ា បានថ្លែងថា សំណង់ខុសលក្ខណៈបច្ចេកទេស នៅព្រះសីហនុ ត្រូវបានវាយកម្ទេចចោល ១៤កន្លែងហើយ។

លោកមានប្រសាសន៍ថា «ចំពោះសំណង់ ឯក សារុន ហ្នឹង នៅចំនួន២ទៀត នៅខេត្តព្រះសីហនុ កំពុងតែត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ»។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី លើកឡើងថា ក្រសួងនឹងរកចំណូលបន្ថែមទៀត ជូនដល់ស្ថាប្យករ និងវិស្វករ ដែលតម្រូវឲ្យការដ្ឋានទាំងអស់ មានវិស្វកចំនួន២រូប ដើម្បីប្រចាំការ និងធ្វើយ៉ាងណា ឲ្យសំណង់សាងសង់ដោយរលូន។

ជាងនេះទៅទៀត លោក ជា សុផារ៉ា បានអះអាងថា ច្បាប់ស្ដីពី សំណង់ បានធ្វើឲ្យសុវត្ថិភាពដល់ សំណង់ ម្ចាស់សំណង់ និងអ្នកប្រើប្រាស់សំណង់ ជាពិសេស ដល់សាធារណៈជន។ លោកថា គោលបំណងច្បាប់ស្ដីពី សំណង់ គឺធានាអនុវត្តច្បាប់សំណង់ ស្របតាមផែនការនគរូបនីយកម្ម ខណៈ សំណង់ គឺជាកន្លែងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។

លោកបន្ថែមថា វិស័យសំណង់ កាលពីឆ្នាំ២០១៩ មានរហូតទៅដល់ ១ម៉ឺន១ពាន់លានដុល្លារ ស្នើនឹង៩៨ភាគរយ បើប្រៀបធៀបជាមួយនឹង ឆ្នាំ២០១៨ មានត្រឹមតែ ៥ពាន់លានដុល្លារប៉ុណ្ណោះ ៕
ដោយ ៖ អេង ប៊ូឆេង

To Top