ព័ត៌មានជាតិ

មេធាវីរាជរដ្ឋាភិបាល ៖ លោក កឹម សុខា ទទួលស្គាល់សំឡេង និងរូបភាពក្នុងវិដេអូ បង្ហាញការនិយាយក្បត់ជាតិ (វីដេអូ)

ភ្នំពេញ ៖ លោក គី តិច ដែលជាមេធាវីរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងពេលសវនាការមួយព្រឹក ក្នុងសំណុំរឿង លោក កឹម សុខាពាក់ព័ន្ធអំពើក្បត់ជាតិ គឺលោក កឹម សុខា ពិតជាបានទទួលស្គាល់សំឡេង និងរូបភាពក្នុងវិដេអូឃ្លីប ដែលបង្ហាញការនិយាយរបស់លោក ដែលមានការចោទប្រកាន់ថា លោកប្រព្រឹត្តអំពើក្បត់ជាតិមែន ។

ក្នុងពេលផ្តល់បទសំភាសន៍ ដល់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សវនាការ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោកមេធាវី គី តិច បានថ្លែងថា “ក្នុងនោះពេលការសម្រេច របស់លោក កឹម សុខា គឺលោកទទួលស្គាល់សំឡេង រូប របស់លោកនៅក្នុងឃ្លីប ដែលក្រុមប្រឹក្សាជំនុំជម្រះ បានចាក់ជូនអង្គសវនាការមើល គឺទទទួលស្គាល់សំឡេង រូប របស់គាត់ពិតប្រាកដមែន” ។

បើតាមលោកមេធាវី ទោះបីលោក កឹម សុខា ទទួលស្គាល់ក៏ដោយ ក៏លោកបានស្នើឲ្យចាក់វិដេអូពេញ ដែលមានរយៈពេលវែង ព្រោះលោកសង្ស័យថា មានការកាត់ជាកងៗ ។

លោកបញ្ជាក់ គឺលោក កឹម សុខាជំទាស់នឹងការកាត់ជាកងៗ ប៉ុន្តែរាល់សំឡេងនិងរូបភាព គឺលោកពិតជាទទួលស្គាល់ថា ជារបស់លោកមែន។

សម្រាប់សំណុំរឿងនេះ បើតាមលោក គី តិច មានការជាប់ពាក់ព័ន្ធប្រទេស ប្រហែលជា៩ អង្គការ និងបុគ្គលបរទេសមួយចំនួន ទៀតផងដែរ ។ លោកថា “ក្នុងគោលបំណងការពារកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងកិច្ចការងារផ្សេងៗ។ ក្នុងនាមជាមេធាវីរាជរដ្ឋាភិបាល ខ្ញុំបានដាក់សំណើរឲ្យក្រុមប្រឹក្សាជំនុំជម្រះ ទទួលយកដោយតាំងជាអក្សរ ។ សំណើរតាំងជាអក្សរ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះទទួលយក” ។

ក្នុងនោះមានប្រទេសឥណ្ឌូនេស៊ី តាំងដោយអក្សរ “ក” យូហ្គោលស្លាវី “ខ” សែកប៊ី “គ” អូស្រ្តាលី “ឃ” អាមេរិក “ង” កាណាដា “ច” អឺរ៉ុប “ធ” តៃវ៉ាន់ “ជ” និងឥណ្ឌា “ឈ”។

សូមបញ្ជាក់ថា ចំពោះវិដេអូឃ្លីបរបស់ លោក កឹម សុខា គឺក្រុមមេធាវីការពារក្តីអះអាងថា លោក កឹម សុខាទទួលស្គាល់ផងដែរ ៕

To Top