ព័ត៌មានជាតិ

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូ មកពីចូលរួមប្រជុំ ប្រចំាឆ្នាំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក

ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកពីការ ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APPF នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយសុវត្ថិភាព និងជោគជ័យ ។

APPF បានដំណើរការកិច្ចប្រជុំ របស់ខ្លួន ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូសភាជាសមាជិក APPF ចំនួន២០ប្រទេស និងប្រទេសសង្កេតការណ៍ចំនួន១០ មានចំនួនគណៈប្រតិភូជាង ៣៥០នាក់បានចូលរួមកិច្ចប្រជុំ ។

សម្តេចប្រធានរដ្ឋសភា ត្រូវបានសភាប្រទេសអូស្ត្រាលី ផ្តល់កិត្តិយសចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ។ សភាប្រទេសអូស្រ្តាលី និងប្រតិភូ ដែលបានចូលរួមសម្តែងការកោតសរសើរ ចំពោះសម្តេចដែលបានដឹកនាំសភាកម្ពុជារៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅ នៅខេត្តសៀមរាបបានទទួលជោគជ័យ ហើយជោគជ័យនៅកម្ពុជានោះ ធ្វើឲ្យការប្រជុំរបស់ APPF កាន់តែមានលក្ខណៈល្អប្រសើរឡើង ។

កំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចបានជួបពិភាក្សាការងារជា មួយប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីជំរុញទំនាក់ទំនងសភា និងស្នើសុំអូស្រ្តាលីជូយផ្សព្វផ្សាយ ពីសក្តានុពលរបស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ សម្តេចក៏បានស្នើសុំអូស្រ្តាលីផ្តល់ អាហារូបករណ៍ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជាឲ្យបានច្រើនបន្ថែមទៀត។

ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានរដ្ឋសភាប្រទេសឡាវ អនុប្រធានរដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាពពីគ្នា ទៅវិញទៅមក ក្នុងការជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេស ជិតខាង។

សូមជម្រាបថា កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបានអនុម័តសេចក្តីសម្រេចចំនួន១៩ ដែលជាយន្តការមួយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាពនិងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគីដើម្បីអនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតប ការប្រែប្រួលអាកាសធាតុឆ្ពោះទៅរកការរីកចម្រើន ប្រកបដោយចីរភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក។ កិច្ចប្រជុំAPPF លើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១ និងនៅ ថៃឆ្នាំ២០២២ ៕ ដោយ ស សំណាង

To Top