ព័ត៌មានជាតិ

ស្រ្តីជនជាតិហ្វីលីពីនម្នាក់ ដេកស្លាប់នៅផ្ទះវីឡាជួល ក្នុងក្រុងដូនកែវ

តាកែវ៖ ស្រ្តីវ័យចំណាស់ ជនជាតិហ្វីលីពីនម្នាក់ ដែលបំរើការនៅអង្គការក្រៅរដ្ឋាភិបាល បានដេកស្លាប់ នៅក្នុងផ្ទះវីឡាជួលរបស់ខ្លួន នៅក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ នៅយប់ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២០ រហូតដល់ពេលព្រឹក ទើបមានការភ្ញាក់ផ្អើល ហើយត្រូវបានសមត្ថកិច្ចខេត្ត រួមនិងមន្រ្តីនគបាលក្រសួងមហាផ្ទៃ ចុះមកធ្វើកោសល្យវិច្ច័យសាកសព។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវ បានថ្លែងទទួលស្គាល់ថា ពិតជាមានករណីស្រ្តីជនជាតិហ្វីលីពីន វ័យជាង៧០ឆ្នាំ ដេកស្លាប់នៅផ្ទះវីឡាជួលរបស់ខ្លួន ពិតប្រាកដមែន។

លោកស្នងការបានថ្លែងថា«ការស្លាប់របស់ស្រ្តីវ័យចំណាស់ ជនជាតិហ្វីលីពីននេះ មិនមែនជាអំពើឃាតកម្មអីនោះទេ គឺគាត់ដេកស្លាប់ ដោយសារតែគាត់ចាស់និងមានជំងឺ នេះបើយើងតាមការធ្វើកោសល្យវិច្ច័យ របស់ក្រុមគ្រូពេទ្យ»។

បើតាមលោកស្នងការខេត្តតាកែវ ករណីនេះសមត្ថកិច្ច ក៏បានធ្វើការទាក់ទង ទៅកាន់ស្ថានទូតហ្វីលីពីន នៅរាជធានីភ្នំពេញ ដើម្បីមកទទួលសាកសព យកទៅប្រគល់ជូនក្រុមគ្រូសារសព នៅប្រទេសហ្វីលីពីនផងដែរ៕

To Top