ព័ត៌មានជាតិ

កម្ពុជា នៅតែត្រូវការជំនួយ ឧបត្ថម្ភ ពីប្រទេសជប៉ុន លើវិស័យទឹកស្អាត

ភ្នំពេញ៖ វិស័យទឹកស្អាត គឺជាគោនយោបាយមួយ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅឲ្យប្រជាពលរដ្ឋ ទទួលបានទឹកស្អាត ប្រើប្រាស់គ្រប់ៗគ្នា ក្នុងតម្លៃសមរម្យ ដើម្បីចៀសផុត ពីការឆ្លងជំងឺផ្សេងៗ ដោយសារការប្រើប្រាស់ ទឹកមិនស្អាត ។ ជុំវិញបញ្ហានេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា កម្ពុជា នៅតែត្រូវការជំនួយឧបត្ថម្ភ ពីប្រទេសជប៉ុន លើវិស័យទឹកស្អាតនេះ ។ នេះបើយតាមហ្វេសប៊ុក របស់ក្រសួងឧស្សាហកម្ម។

ថ្លែងក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក YAMAMOTO KOZO សមាជិកសភានៃប្រទេសជប៉ុននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក ចម ប្រសិទ្ធ បានលើកឡើង ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ក្នុងសកម្មភាពអភិវឌ្ឍន៌នៅកម្ពុជា ។ ក្នុងនោះ ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA និងជំនួយអភិវឌ្ឍន៌ មកពីទីក្រុង Kitakyushu បានជួយជាសំខាន់ ទៅលើវិស័យទឹកស្អាត និងការអភិវឌ្ឍន៍ ធុនធានមនុស្សដល់មន្ត្រី ។

លោក បានសង្កត់ធ្ងន់ថា”ប្រជាជនកម្ពុជា ទទួលបានទឹកស្អាត ប្រើប្រាស់ គឺមិនអាចបំភ្លេច បានពីការរួមចំណែក ដ៏សំខាន់ពីភាគីជប៉ុនឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជា នៅត្រូវការជំនួយឧបត្ថម្ភ លើវិស័យទឹកស្អាតនេះ បន្តទៀត ទាំងតំបន់ទីក្រុង ទីប្រជុំជន និងជនបទ ដើម្បីសម្រេចបាន តាមគោលដៅឆ្នាំ២០២៥ របស់ក្រសួងផង និងគោលនយោបាយ របស់សម្តេចតេជានាយករដ្ឋមន្រ្តី ដែលចង់ឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានទឹកស្អាត ប្រើប្រាស់គ្រប់ៗគ្នា ក្នុងតម្លៃសមរម្យ ដើម្បីជៀសផុត ពីការឆ្លងជំងឺផ្សេងៗ ដោយសារការប្រើប្រាស់ ទឹកមិនស្អាតផង ។ ក្នុងនោះទីក្រុងភ្នំពេញ ដែលកំពុងរីកខ្លួនធំ មួយជាពីរ ក៏កំពុងមានតម្រូវការ កើនឡើងលើវិស័យទឹកស្អាត ជាចាំបាច់ ដូចប្រសាសន៌ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយលោក YAMAMOTO KOZO សមាជិកសភាជប៉ុន កាលពីព្រឹកថ្ងៃដដែលនេះ ជាសក្ខីភាពស្រាប់” ។

តាមរយៈលោក YAMAMOTO KOZO សមាជិកសភាជប៉ុន លោក ចម ប្រសិទ្ធ បានស្នើឲ្យដៃគូជប៉ុន ជួយដល់កម្ពុជា បន្ថែមទៀតលើវិស័យទឹកស្អាត ក្នុងលក្ខណៈ ជាជំនួយឥតសំណង និងមានក្រុមហ៊ុន SPC(Special Purpose Company)មួយដែលមានសមត្ថភាព ជួយបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់មន្ត្រី លើការងារគ្រប់គ្រង និងថែរក្សារោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាត ក្រោយភាគីជប៉ុន ផ្ទេរការគ្រប់គ្រង ដល់ភាគីកម្ពុជា ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថាតាមរយៈជំនួយឥតសំណងនិងជួយឲ្យថ្លៃទឹកលក់ចេញជូនប្រជាពលរដ្ឋកាន់តែមានតម្លៃថោកសមរម្យ ជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋពីព្រោះការវិនិយោគលើវិស័យទឹកស្អាត ត្រូវការចំណាយដើមទុនច្រើនណាស់ ដើម្បីទទួលបានទឹកស្អាតស្របតាមស្តង់ដារ ដែលភាគីជប៉ុនមានជំនាញខ្ពស់លើវិស័យនេះ ។

ជាការឆ្លើយតប លោក YAMAOTO KOZO បានលើកឡើងថា វិស័យទឹកស្អាត ជាកត្តាសំខាន់មិនអាចខ្វះបាន ដែលលោកនឹងពាំនាំនិងលើកបញ្ហានេះ ដល់សភាជប៉ុន ដើម្បីពិនិត្យលទ្ធភាព ជួយដល់កម្ពុជាលើវិស័យទឹកស្អាតនេះ ជាបន្តបន្ទាប់ទៀត ។ជាមួយគ្នានោះផងដែរលោកក៏ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ឥតឈប់ឈររបស់កម្ពុជា ។
លោក បានបញ្ជាក់ថាលោកធ្លាប់មកកម្ពុជាចំនួន ០៤ លើក និងធ្លាប់ជួបសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួនពីរដងទាំងលើកនេះ ។លោកសង្កេត ឃើញថា កម្ពុជា មានការអភិវឌ្ឍន៌លឿន ជាលំដាប់ ជាពិសេសរាជធានីភ្នំពេញ មានទំហំរីកកាន់តែធំ ជាមួយនិងលំនៅដ្ឋាន មូលដ្ឋានអាជីវកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម កាន់តែសម្បូរណ៌បែប ដែលពិតណាស់តម្រូវការអភិវឌ្ឍន៌ នឹងត្រូវការជាចាំបាច់ ៕
ដោយ៖ បាន ធារ៉ូ

To Top