ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ប្រកាសរកជំនួយបច្ចេកទេស ជួយលុបបង្គន់លាមក ជាង១០០រណ្ដៅ ក្រោយរុះរើតូបនៅលើឆ្នេរអូត្រេះ

ភ្នំពេញ៖ ក្រោយពីធ្វើការរុះរើតូបលក់ដូរ នៅលើឆ្នេរអូត្រេះរួចមក អ្វីដែលបន្សល់ទុកនោះគឺ រណ្ដៅបង្គន់លាមក ចំនួន ១៣៦ ដែលជាចំណោទត្រូវដោះស្រាយ ដើម្បីកុំឲ្យមានផលប៉ះពាល់នោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសរកជំនួយបច្ចេកទេស ជួយលុបរណ្ដៅបង្គន់ទាំងនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសរនៅលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា “ក្រោយពេលសំអាត សំរាម អំពីការលក់ដូរ នៅឆ្នេរ អូត្រេះរួច គឺនៅសល់រណ្ដៅ ។ សុំជំនួយបច្ចេកទេសផង តើធ្វើបែបណា ដើម្បីកុំអោយរណ្ដៅនេះ បង្ករផលប៉ះពាល់ ?” បើនៅបន្តទៀត តើឆ្នេរសាធារណៈ របស់យើងទៅជាយ៉ាងណា?”។

សូមរំលឹកថា កាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលក្រុងព្រះសីហនុ បានអនុវត្តតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត នាថ្ងៃ១៣ ខែមករា ឆ្នាំ២០២០ ដូចការគ្រោងទុក នៅតាមតំបន់ឆ្នេរ អូត្រេះត្រូវបានចុះអនុវត្តន៍ រុះរើ បញ្ចាប់ដោយជោគជ័យ ក្រោយពីជូនដំណឹង រយៈពេល មួយសប្តាហ៍ហើយ គឺ តូបលក់ដូរមិនរៀបរយចំនួន ប្រមាណ៦២តូបត្រូវបានរុះរើអស់ ទាំងស្រុង។

ការរុះរើតូបលក់ដូរមិនរៀបរយនេះ គឺដើម្បីរៀបចំធ្វើផ្លូវ និងសួនច្បារ រួមទាំងកែលម្អសោភ័ណភាពឆ្នេរឡើងវិញ ដើម្បី ទុកបម្រើជាសាធារណៈ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករ លក់ដូរ មេត្តា យោគយល់ផង៕ដោយ៖ បាន ធារ៉ូ

To Top