ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម កំពុងរកដំណោះស្រាយ និងចាត់វិធានការ ទប់ស្កាត់ការធ្លាក់ចុះ តម្លៃផ្លែស្វាយ ក្រោយមានការស្នើសុំ អន្តរាគមន៍ពីប្រជាកសិករ

ភ្នំពេញ ៖ បន្ទាប់ពីប្រជាកសិករ ដែលជាអ្នកផលិតស្នើសុំ កិច្ចអន្តរាគមន៍ ដោះស្រាយជាបន្ទាន់ ពីរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាតម្លៃផ្លែស្វាយធ្លាក់ចុះ យ៉ាងគំហុកមិនធ្លាប់មាន ក្នុងរយៈពេល ជាង១០ឆ្នាំមកនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រុមការងារអគ្គនាយកដ្ឋាន ពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម បានសហការ ជាមួយមន្ទីពាណិជ្ជកម្មនៃ ខេត្តគោលដៅផលិតស្វាយទាំង៥ រួមមាន៖ ខេត្តកំពង់ស្ពឺ តាកែវ កំពត កែប និងកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវ អំពីស្ថានភាពពិត បញ្ហាប្រឈម ព្រមទាំងរកដំណោះស្រាយ ។

តាមរយៈសេចក្ដីរាយការណ៍មួយ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានរកឃើញបញ្ហាប្រឈម ដែលបណ្ដាលឲ្យតម្លៃផ្លែស្វាយបច្ចុប្បន្ន បានធ្លាក់ចុះក្នុងខេត្ត កំពត កែប តាកែវ កំពង់ឆ្នាំង និងកំពង់ស្ពឺ រួមមានការធ្លាក់ចុះ នៃតម្លៃពី ២,៥០០រៀលមកត្រឹម ១,៥០០រៀល នៅឆ្នាំ២០២០ ស្មើនឹង ១៧% បើប្រៀបធៀបទៅនឹង ឆ្នាំ ២០១៩ ក្នុងអំឡុង នៃការប្រមូលផលដូចគ្នា ។ ម្យ៉ាងវិញទៀតអ្នកប្រមូលទិញទាំងអស់ ហាក់មានការសហការគ្នា ក្នុងការទំលាក់ថ្លៃនេះក្នុងនោះរួមបញ្ចូល ទាំងរោងចក្រក្នុងស្រុកចំនួន៣៦ ផងដែរ។ រោងចក្រចំនួន៦ ក្នុងខេត្តកំពង់ស្ពឺ ទិញផ្លែស្វាយយកទៅកែច្នៃ តម្លៃចន្លោះពី ១០០០រៀល ទៅ១៤០០រៀលក្នុងមួយគីឡូក្រាម ដោយមានកិច្ចសន្យា ពេញមួយឆ្នាំ។
ឆ្លើយតបចំពោះបញ្ហាប្រឈមនេះ លោករដ្ឋមន្រ្តីបានផ្ដល់ជាដំណោះស្រាយ មួយចំនួនជា៖

ផ្ទាំងពាណិជ្ជកម្ម
  • រៀបចំបង្កើតក្រុមការងារ ចម្រុះអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលពាក់ព័ន្ធនឹងផលិតផលស្វាយ ។
  • រៀបចំកិច្ចប្រជុំអន្តរក្រសួង ធនាគារអភិវឌ្ឍន៏ជនបទ វិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា រោងចក្រកែឆ្នៃស្វាយក្នុងស្រុក អ្នកនាំចេញផលិតផលស្វាយ ដើម្បីរកយន្តការប្រមូលទិញ ផលិតផលស្វាយ និងរកដំណោះស្រាយ ដោយដាក់ចេញនូវវិធានការ ជាយុទ្ធសាស្រ្ត រយៈពេលខ្លី មធ្យម និងវែង។
  • ចរចារជាមួយរោងចក្រកែច្នៃផ្លែស្វាយទាំង៣៦ និងអ្នកប្រមូលទិញឲ្យបង្កើនការទិញផ្លែស្វាយពីប្រជាពលរដ្ឋ ។
  • ចរចារជាមួយប្រទេស ជិតខាងលើ របាំងបច្ចេកទេស ស្តីពីភូតគាមអនាម័យ និងរបាំងផ្សេងៗទៀត ។
    ដើម្បីទប់ស្កាត់ការធ្លាក់ ចុះតម្លៃផ្លែស្វាយនេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្ដល់ជាសំណូមពរមួយចំនួន ដល់ប្រជាកសិករមានដូចជា៖
  • រកទុនវិនិយោគក្នុងស្រុក ដោយសហការជាមួយ ធនាគាអភិវឌ្ឍន៍ជនបទ(RDB) ដោយអត្រាការប្រាក់សមរម្យ ដែលទទួលយកបាន គ្រប់គូភាគី ។
  • បង្កើតកន្លែងប្រមូលផ្តុំ និងវេចខ្ចប់កសិផលស្វាយ នៅតាមតំបន់គោលដៅ ដោយសហការទិញលក់ដោយផ្ទាល់ ជាមួយកសិករនិង ចែកចាយទៅកាន់ទីផ្សារ ។

ទាក់ទិនបញ្ហានេះ ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា លោក អ៊ិន ឆៃវ៉ាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថានភាពផ្លែស្វាយ នៅតែបន្តប្រឈម នឹងបញ្ហាតម្លៃធ្លាក់ចុះ រហូតដល់មួយគីឡូក្រាមតម្លៃ៤០០ ទៅ៥០០រៀល ដែលជាតម្លៃមួយមិនធ្លាប់មាន ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ។
ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា លោក អ៊ិន ឆៃវ៉ានបានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិលថា ផ្លែស្វាយកែវរមៀតខៀវ ឬស្វាយក្រៅកញ្ចប់ តម្លៃក្នុងចំការ នៅសល់ ៤០០រៀល ទៅ៥០០រៀល ក្នុងមួយគីឡូក្រាមជាតម្លៃ ដែលមិនធ្លាប់ជួបក្នុងកំឡុងខែធ្នូ គឺរយៈពេល១០ឆ្នាំមកហើយ ទើបមានម្តងនេះទេ។

ប្រធានប្រតិបត្តិសមាគមសហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងបន្ថែមថា រោងចក្រខ្លះបន្តទិញ ៧០០រៀល ទៅ៨០០រៀល តម្លៃដឹកដល់រោងចក្រហើយ ក៏មានរោងចក្រចិន មួយចំនួន បានទិញចូលក្នុងតម្លៃ១១០០រៀល ក្នុងមួយគីឡូក្រាមផងដែរ ក៏ប៉ុន្តែតម្លៃទៅដល់ឈ្មួញផ្គត់ផ្គង់ គឺបានត្រឹម៨០០រៀលដដែល ព្រោះក្រុមមេការចិន ស៊ីដាច់អស់៣០០រៀល ក្នុងមួយគីឡូក្រាមបាត់ ទៅហើយ។ ចំណែកផ្លែស្វាយកែវរមៀតលឿង ឬស្វាយខ្ចប់ តម្លៃកុងត្រាកាលពី៤៥ថ្ងៃមុន(ពេលចូលខ្ចប់ក្នុងចំការ) ២៣០០រៀលក្នុងមួយគីឡូក្រាម ដល់ថ្ងៃប្រមូលផល សល់ត្រឹម១៤០០រៀល ឈ្មួញប្រាប់ថាទីផ្សារចិនមិនស៊ី ។ ការចំណាយខ្ពស់ ទឹកភ្នែកកសិករហូរលែង ចេញហើយ ព្រោះការផលិតឆ្នាំនេះគឺលំបាកជាងរាល់ឆ្នាំ ហើយការទទួលផល ក៏ធ្លាក់ចុះយ៉ាងច្រើនផងដែរ ៕

To Top