ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត សម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៦ គ.ម.

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៦ គ.ម. ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។

លោកបានសម្តែ​ង​ នូវការអបអរសាទរ ចំពោះសមិទ្ធិផលផ្លូវ ១ ខ្សែ ប្រវែង ៦ គ.ម. នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាផ្លូវមានប្រវត្តិដ៏យូរលង់ជិត ១ សតវត្សរ៍មកហើយ ដោយបច្ចុប្បន្ន ត្រូវបានក្រាលគ្រួសក្រហម ពង្រីកឱ្យបានទូលាយ ងាយស្រួលធ្វើដំណើរ ក្រោមការរួបរួម និងគាំទ្រ របស់ប្រជាពលរដ្ឋ, អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, ក្រុមការងារ, និងសប្បុរសជន ជាពិសេស ក្រុមយុវជនក្រុម៨ ដែលចូលរួម ទាំងកម្លាំងកាយចិត្ត និងធនធានថវិកា នៅក្នុងការកសាងនេះ។ វិញ្ញានក្ខន្ធរបស់អ្នកកសាងជំនាន់មុន ប្រាកដជារីករាយ នៅពេលឃើញ កូនចៅជំនាន់ក្រោយ បន្តកសាងពង្រីកបបន្ថែម កាន់តែសំបូរសប្បាយ។

លោករម្លឹកថាជាង ៦០ឆ្នាំ នៃការវិត្តន៍នៃដំណើរការ កសាងផ្លូវនេះ ដូចគ្នានឹងដំណើរវិវត្តន៍ របស់ប្រទេសជាតិយើងផងដែរ គឺចាប់តាំងពីឆ្នាំ ១៩៥៣ យើងទទួលបាន ឯករាជ្យពីបារាំង ក្រោមព្រះរាជបូនីយកិច្ច របស់ព្រះបរមរតនកោដ្ឋ។ ចាប់ពីពេលនោះ យើងទទួលបាន សិទ្ធិអំណាចអធិបតេយ្យ ប្រជាពលរដ្ឋយើងចាប់ផ្តើម រួបរួមកសាងប្រទេស ប៉ុន្តែជាអកុសល អ្វីៗត្រូវអាក់ខាន ដោយសារភ្លើងសង្គ្រាម និងការបំផ្លិចបំផ្លាញ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃ០៧ មករា ១៩៧៩ ដៃម្ខាងយើងបានចាប់ផ្តើម កសាងជាតិឡើងវិញ ពីគំនរផេះផង់ ហើយដៃម្ចាងទៀត ត្រូវការពារទប់ស្កាត់ ការវិលមកវិលមកវិញ នៃពួកខ្មែរក្រហម។ ប៉ុន្តែឥឡូវ ដោយសារកត្តាអំណោយផល នៃសុខសន្តិភាព យើងមានលទ្ធភាពច្រើន ក្នុងការបន្តកសាង និងបន្តដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ ដូចគ្នានឹងអ្វីដែលប្រទេសធំតូច នៅក្នុងពិភពលោក កំពុងធ្វើផងដែរ ពីព្រោះនៅក្នុងដំណើរ នៃការអភិវឌ្ឍប្រទេស អ្វីៗក៏មិនអាចគ្រប់គ្រាន់ដែរ។ អ្វីដែលសំខាន់ គឺយើងបានរស់ យើងមានជីវិត និងអាចបន្តដំណើរ ទៅមុខឥតថយក្រោយ។

ផ្ទាំងពាណិជ្ជកម្ម

លោក ហ៊ុន ម៉ាណែត បន្ថែមថា សង្គ្រាមបានបញ្ចប់ជាយូរមកហើយ ប៉ុន្តែលោកតាលោកយាយ នៅតែចងចាំច្បាស់ណាស់ អំពីផលវិបាកនៃសង្គ្រាម ដោយសារលោកតាលោកយាយ ធ្លាប់បានឆ្លងកាត់ ភ្នក់ភ្លើងសង្គ្រាមផ្ទាល់។ បទពិសោធន៍នេះ អាចឱ្យយើងចាប់អារម្មណ៍ អំពីតម្លៃនៃសន្តិភាព។ សន្តិភាពថ្ងៃនេះ ជាសន្តិភាពរួម របស់ប្រជាជាតិខ្មែរទាំងមូល។ យើងមិនអាចមើលឃើញការខ្វះខាត និងបញ្ហាតូចតាចមួយចំនួន ហើយភ្លេចគុណតម្លៃ នៃសន្តិភាព ដែលជាអាយុជីវិត របស់យើងនោះឡើយ។ លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ដែលមានជីវិត រស់រួចផុតពីសង្គ្រាម សុទ្ធតែជាអ្នកមានបុណ្យ។ បុណ្យដែលផ្តល់ដោយពី ០៧ មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃនៃការរស់រាន មានជីវិតឡើងវិញ ជាក់ស្តែង ហើយបុណ្យនេះ បានធ្លាក់បន្ត ទៅឱ្យកូនចៅប្រជាជន យើងបន្តទៀតផងដែរ។

លោក ក៏សូមអរគុណផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត លើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានគាំទ្រជានិច្ច ឱ្យសម្តេច មានឱកាស ដឹកនាំប្រទេសជាតិ បន្តទៅមុខទៀត។ អារម្មណ៍ខ្វល់ខ្វាយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺតែងតែនៅដក់ជាប់ ជាមួយនឹងទឹកដី ជាមួយនឹងប្រជាជន និងតែងបានខិតខំ បម្រើប្រប្រជាជនខ្មែរទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិភាព កុំឱ្យប្រជាជនវេទនាសារជាថ្មី ដោយសារសង្គ្រាម, ខិតខំកសាង ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ ទឹក ភ្លើង, ខិតខំទាក់ទាញវិនិយោគ មកបង្កើតរោងចក្រ បង្កើតការងារ និងបង្កើនឱកាសនានា គ្រប់បែបយ៉ាង ឱ្យដល់ប្រជាពលរដ្ឋទាំងអស់គ្នា។

លោកលើកទឹកចិត្ត ឱ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ប្រលងឱ្យជាប់ ដើម្បីអនាគតរបស់ក្មួយៗទាំងអស់គ្នា និងអនាគតវែងឆ្ងាយ របស់ប្រទេសជាតិយើង ហើយត្រូវចៀសវាងការប្រព្រឹត្ត អំពើខុសឆ្គងផ្សេងៗ និងត្រូវកសាងអំពើល្អជួយ ដល់សង្គមឱ្យបានច្រើន៕

To Top
×