ព័ត៌មានជាតិ

រថយន្តដឹកប្រេង១គ្រឿង ឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ រថយន្តដឹកប្រេងសាំងនិងប្រេងម៉ាស៊ូត ១គ្រឿង ខណៈកំពុងបញ្ឆេះស្រាប់តែឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះរងរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង១ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅភូមិកំពង់ចម្លង ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីនេះ មានរថយន្តដឹកប្រេងសាំងនិងប្រេងម៉ាស៊ូត ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទម្ងន់១តោន បើកបរដោយជនរងគ្រោះមានឈ្មោះ ផៃ ជឿន ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត បច្ចុប្បន្ន រស់នៅភូមិ-ឃុំខាងលើ។ ខណៈដែលកំពុង
បញ្ឆេះរថយន្ត ដើម្បីចេញដំណើរ ស្រាប់តែរថយន្តឆ្លងចរន្តភ្លើង បង្កជាអគ្គិភ័យកើតឡើង។ ពេលនោះម្ចាស់រថយន្តព្យាយាមបើកដឹកប្រេងដែលកំពុងឆេះ ចេញពីទីតាំងស្តុកប្រេង ក៏បណ្តាលឲ្យរងរបួសធ្ងន់ផងដែរ ។

សមត្ថកិច្ចបន្តទៀតថា ករណីខាងលើនេះ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ, អធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ បានចេញរថយន្តបាញ់ទឹកពន្លត់អគ្គិភ័យ២គ្រឿង និង គ្រាប់បាល់ពន្លត់អគ្គិភ័យ ២០ គ្រាប់ ទើបមិនបណ្តាលឲ្យភ្លើងឆេះរាលដាលទីតាំងដែលនៅក្បែរនោះ ៕

To Top