ព័ត៌មានជាតិ

មេៗ សហជីព ស្នើមិនឲ្យកែប្រែ ច្បាប់ សម្រួល ប្រាក់ឈ្នួលធ្វើការ វេនយប់ របស់កម្មករ

ភ្នំពេញ ៖ បណ្តាក្រុមសហជីពធំៗនៅកម្ពុជា បានយកឱកាសនៃការប្រារព្ធខួប១៦ឆ្នាំនៃការបាត់បង់ជីវិតលោក ជា វិជ្ជា ដែលជាអតីតមេសហជីពនៅកម្ពុជា ស្នើទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនឲ្យធ្វើវិសោធនកម្មច្បាប់ការងារកាត់បន្ថយប្រាក់ឈ្នួលកម្មករដែលធ្វើការងារវេនយប់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានប្រកាសគ្រោងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារត្រង់មាត្រា១៤៤ថ្មី ដោយកែសម្រួល អត្រាប្រាក់ឈ្នួលវេនការងារយប់កម្មករ។ បើតាមសេចក្តីជូនដំណឹងក្រសួង ការកែសម្រួលនេះដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារជាដើមនិងបង្កើនការងារ ជូនប្រជាពលរដ្ឋ។ ដោយឡែក រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី ១វេនម្តងម្កាល គឺនៅបន្តអនុវត្តបទប្បញ្ញត្តិ ដែលមានជាធរមាន។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) ថ្លែងក្នុងពេលបង្ហាញវត្តមានគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ថា “គឺយើងខ្ញុំមិនឯកភាពធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ កាត់បន្ថយការងារវេនយប់ពី១៣០ភាគរយមកនៅត្រឹម១០០ភាគរយដូចការងារវេនថ្ងៃទេ” ។ 

លោកថា មិនចង់ឃើញការបាត់បង់ អត្ថប្រយោជន៍របស់កម្មករទៀត ព្រោះកាលពីឆ្នាំ២០០៧ ក៏មានការកាត់បន្ថយពី១៥០ភាគរយមក១៣០ភាគរយ ឥឡូវកាត់មក ១០០ភាពដូចវេនថ្ងៃវិញទៀត ។

លោកបានស្នើទៅប្រមុខរាជរដ្ឋាភិបាលគួររកវិធីសាស្រ្តផ្សេងវិញ ដើម្បីទាក់ទាញវិនិយោគជៀសជាងកាត់បន្ថយប្រាក់ការងារវេនយប់របស់កម្មករ។ ជាមួយគ្នានេះ លោកក៏មិនគាំទ្រការលើកថ្ងៃឈប់សម្រាក់សម្រាប់ថ្ងៃបុណ្យដែរ ព្រោះកន្លងកម្មករបានខាតថ្ងៃឈប់៦ថ្ងៃហើយ សម្រាប់ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០នេះ ។

ចំណែក លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាវិញ ក៏លើកឡើងដែរថា ប្រសិនដាក់សំណើឲ្យមានការកែប្រែវិសោធនកម្មច្បាប់នេះ ហើយក្រសួងបដិសេធនោះ មានតែវិធីម្យ៉ាងប៉ុណ្ណោះ គឺធ្វើបាតុកម្មប្រឆាំងទេ។

សម្រាប់ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា “ច្បាប់នេះ គឺមានចរឹកអាក្រក់បង្កប់នូវខ្លឹមសារពិសពុលដូចជាការផ្តាច់ចំណងរវាងសហជីពថ្នាក់ជាតិ និងសហជីពមូលដ្ឋាន។ ជាក់ស្តែងបច្ចុប្បន្នតួនាទីសហជីព បានត្រឹមតែអង្គុយអមតំណាងសហជីពរបស់ខ្លួន នៅក្នុងដំណើរការនីតិវិធីនៃវិវាទតែប៉ុណ្ណោះ។ រីឯអំណាចរបស់សហព័ន្ធ គឺមិនត្រូវបានផ្តល់ឲ្យដូចពីអតីតកាលនោះទេ” ។ 

លោកថា ដូច្នេះគំនិតផ្តួចផ្តើមឲ្យមានការធ្វើវិសោធនកម្មច្បាប់វេនយប់ គឺក្រុមសហជីពកំពុងធ្វើការតស៊ូមតិ។ ក្នុងនោះបានដាក់លិខិតទៅក្រសួងដើម្បីបដិសេធនូវការធ្វើវិសោធនកម្មនេះ ។

សូមបញ្ជាក់ថា កាលឆ្នាំ២០០៧ ក្រសួងក៏បានធ្វើវិសោធនកម្មច្បាប់ស្តីពីការងារត្រង់មាត្រា១៤៤ ពាក់ព័ន្ធអត្រាប្រាក់ឈ្នួលបន្ថែមម៉ោងនិងការងារវេនយប់ពី១៥០ភាគរយ មកនៅត្រឹម១៣០ភាគរយ ។ចំណុចនេះបានធ្វើឲ្យក្រុមសហជីពអះអាងថាធ្វើឲ្យកម្មករ បាត់បង់អត្ថប្រយោជន៍ម្តងរួចមកហើយ៕

To Top