ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកអំណោយជូនគ្រួសារ ជួបការលំបាក ជនពិការ និងសិស្សានុសិស្ស ស្ថិតក្នុងវិទ្យាល័យសំរោងពន្លៃ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកអំណោយជូនគ្រួសារ ជួបការលំបាក ជនពិការ និងសិស្សានុសិស្ស ស្ថិតក្នុងវិទ្យាល័យសំរោងពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ, ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។

លោក ចាតទុក សុខសន្តិភាព សុខសប្បាយ និងលទ្ធភាពដែលធ្វើឲ្យជីវភាពរស់នៅល្អប្រសើរ កំពុងផ្តល់ឱកាស ឱ្យបងប្អូនប្រជាពលរដ្ឋ នៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេស បានជួបជុំកំសាន្តសប្បាយរីករាយ និងចែករំលែកការសប្បាយ ក្នុងឱកាសបុណ្យទានតូចធំផ្សេងៗ ដូចក្នុងថ្ងៃនេះផ្ទាល់ ដែលយើងទាំងអស់គ្នា កំពុងជួបជុំគ្នានៅទីនេះ រួមចិត្ត រួមគ្នាធ្វើ ដើម្បីចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់ ដោយមានការចូលរួមរបស់បងប្អូនខ្មែរ ដែលមានសមានចិត្តមកពីក្រៅប្រទេស, សមាគមក្នុងស្រុក, អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់, ប្អូនៗយុវជនស្ម័គ្រចិត្ត និងសប្បុរសជននានា ដើម្បីជួយសម្រាលបន្ទុកការលំបាក របស់លោកយាយលោកតាអ៊ំពូមីង។

លោក សូមអរគុណ ចំពោះសមាគមបេះដូងបងស្រី (Sisters’ Heart) មកពីសហរដ្ឋអាមេរិក, សមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧, សមាគម OCC, ក្រុមមិត្តរួមចិត្តអតីតសិស្សខេត្តបាត់ដំបង និងបងប្អូនប្រជាពលរដ្ឋសប្បុរសជន ដែលរស់នៅសហរដ្ឋអាមេរិក, អូស្ត្រាលី, បារាំង, កាណាដា និងអង់គ្លេស ដែលបានរួបរួមគ្នា ធ្វើសកម្មភាពសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ជាការរួមចិត្តតែមួយ រួមសកម្មភាពតែមួយ ដោយមានការចូលរួម របស់បងប្អូនខ្មែរយើង មកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយចែករំលែកដល់ប្រជាពលរដ្ឋ ទោះតិចក្តី ច្រើនក្តី ប៉ុន្តែអាចបញ្ជាក់បាន អំពីស្មារតីរួមរបស់យើង ក្នុងការជួយប្រទេសជាតិ ជួយប្រជាពលរដ្ឋ តាមរយៈកម្លាំងកាយចិត្ត និងធនធានថវិកាដែលយើងមាន។ នេះជាស្មារតីរួមពិតប្រាកដ សូមរួបរួមគ្នាតទៅទៀត ជួយគ្នាតទៅទៀត ក្នុងនាមជាមហាគ្រួសារខ្មែរយើង។

មិនតែប៉ុណ្ណោះ លោកសូមអរគុណដល់សន្តិភាព ដែលមាននៅគ្រប់ទីកន្លែងទូទាំងប្រទេស និងដែលជារបស់យើងទាំងអស់គ្នា។ សន្តិភាពនេះ ធ្វើឱ្យមានថ្ងៃនេះ និងបង្កើតក្តីសង្ឃឹមក្នុងជីវភាពបន្តទៅមុខ រួមទាំងឱកាសក្នុងការចូលរួម ចែករំលែកជួយគ្នាដូចពេលនេះ ហើយក៏ជាសន្តិភាពសម្រាប់កូនចៅ ដែលកំពុងមានជីវិតរស់នៅ ក្នុងការរីករាយទទួលផលពីផ្លែផ្កានៃសន្តិភាព។ វិញ្ញាណក្ខន្ធរបស់ជីដូនជីតាបុព្វការីជន ប្រាកដជាសប្បាយចិត្ត ប្រសិនបើបានដឹងថា កូនចៅរបស់អស់លោក កំពុងរស់នៅដោយសុខសប្បាយ មានសុភមង្គល។ ដោយខុសពីកាលជំនាន់ ៤០ ឆ្នាំមុន ប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់ច្រើនណាស់ ហើយសព្វថ្ងៃកូនខ្មែរ ធ្វើដំណើរចេញចូលក្នុងនិងក្រៅប្រទេស ក្នុងនាមជាអ្នកទេសចរណ៍ ជាអ្នកជំនួញ ជានិស្សិត ដោយស្មើមុខស្មើមាត់ ដូចគ្នានឹងគ្រប់ប្រជាជាតិទាំងអស់ លើសាកលលោក និងមិនមែនចេញជាជនភៀសខ្លួន ដូចក្នុងសម័យសង្រ្គាមទៀតនោះឡើយ។ ទាំងនេះ កើតឡើងក៏ដោយសារ ការជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវ ដែលបានដាក់ចេញ នូវគោលនយោបាយត្រឹមត្រូវ។

លោក ក៏សូមអរគុណប្រជាពលរដ្ឋឃុំពន្លៃ ស្រុកអង្គរបូរី ដែលកន្លងមកតែងបានគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ជឿទុកចិត្តលើការដឹកនាំរបស់សម្តេច ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើន មានមន្ទីរពេទ្យ មានសាលារៀន មានផ្លូវ មានទឹក មានភ្លើង ហើយដែលនឹងមានការបន្តកសាងជា ជំហានៗទៅមុខទៀត ទន្ទឹមនឹងការខិតខំកែលម្អចំណុចខ្វះខាត និងការជំរុញឱ្យមានការចូលរួម របស់អង្គការ-សមាគម ក្រៅរដ្ឋាភិបាល និងសប្បុរសជននានា ក្នុងការជួយដោះស្រាយ ការលំបាកនានារបស់ប្រជាពលរដ្ឋ។ ការខិតខំទាំងនេះរបស់សម្តេច គឺដើម្បីឱ្យស័ក្តិសម នឹងទំនុកចិត្ត របស់ប្រជាពលរដ្ឋចំពោះសម្តេច។ តទៅមុខទៀត គោលដៅ, ភារកិច្ច, និងគោលបំណងបន្តបន្ទាប់របស់សម្តេច គឺការបន្តថែរក្សានិរន្តភាពនៃសុខសន្តិភាព, ធ្វើជីវភាពប្រជាជនកាន់តែសម្បូរសប្បាយ, ជាពិសេសការខិតខំ បើកឱកាសបន្ថែមទៀត ឱ្យកូនចៅជំនាន់ក្រោយៗ ឱ្យកាន់តែរុងរឿង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top