ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ៖ ១ថ្ងៃ ពលរដ្ឋនៅ រាជធានីភ្នំពេញ ប្រើប្រាស់ ថង់ប្លាស្ទិច ១០លាន

ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិច ១០លានថង់ ក្នុង១ថ្ងៃ ខណៈសំរាមនៅកម្ពុជា ជិត១ម៉ឺនតោន ក្នុង១ថ្ងៃ ហើយសំរាមកើនឡើងជារៀងរាល់ឆ្នាំ ដែលភាគីពាក់ព័ន្ធ កំពុងដោះស្រាយ។

យោងតាមរបាយការណ៍ របស់ពិភពលោក ប្លាស្ទិចប្រមាណជា៤០០លានតោន ត្រូវប្រើប្រាស់ក្នុង១ឆ្នាំៗ។ចំណែក ឆ្នាំ២០២៥ ខាងមុខ ការប្រើប្រាស់ប្លាស្ទិច នឹងកើនឡើង៦០០លានតោន ក្នុង១ឆ្នាំៗ ខណៈ ឆ្នាំ២០៥០ ខាងសំណល់ប្លាស្ទិច នឹងកើនឡើងដល់ ៣៤ប៊ីលានតោន ជាពិសេសចំនួនប្លាស្ទិច អាចកើនឡើងច្រើនជាងចំនួនត្រី ក្នុងសមុទ្រ ប្រសិនបើគ្មានវិធានទប់ស្កាត់។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា នា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោក នេត្រ ភក្រ្តា បានឲ្យដឹងថា ឆ្នាំ២០១៩ បរិមាណសំរាមនៅកម្ពុជាកើនឡើង ជិត១ម៉ឺនតោន ក្នុង១ថ្ងៃ ដូច្នេះ ១ឆ្នាំៗ សំរាមជាង៣លានតោន ក្នុងនោះមាន ៖ សំណល់សេរីរាង្គ សំណល់ប្លាស្ទិច និងសំណល់ផ្សេងៗ។លោកថា ការកើនឡើងសំរាមនៅកម្ពុជា ដោយសារតែកំណើនប្រជាជន។

លោកបន្ដថា ១ឆ្នាំៗ កម្ពុជាបង្កើតសំរាមជាង៣លានតោន ហើយសំរាមទាំងអស់នោះ ៥១%ប៉ុណ្ណោះ ដែលត្រូវបានយកកបទៅចាក់នៅទីលានចាក់សំរាម ក្រៅពីនោះ ត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក ដុតចោលជាដើម។

លោក មានប្រសាសន៍ថា «តាមការសិក្សាស្រាវជ្រាវ ពលរដ្ឋម្នាក់នៅក្នុងទីក្រុង បានប្រើប្រាស់ថង់ប្លាស្ទិចច្រើន ជាង២ពាន់ថង ក្នុង១ឆ្នាំ។បើនិយាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស យើងឃើញថា កំណើននេះមិនមានការថយចុះទេ។ហើយនៅរាជធានីភ្នំពេញ បើយោងតាមរបាយការណ៍ ថង់ប្លាស្ទិចប្រមាណជា១០លានថង់ ត្រូវបានប្រើប្រាស់ ក្នុង១ថ្ងៃ»។

ឆ្លៀតឱកាសនោះដែរលោក ហេង ណារ៉េត អគ្គនាយកនៃ​អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមហ៊ុន សាងសង់ផ្លូវទាំងឡាយណា ដែលនៅតែល្មើសមិនចូលរួមគាំពារ បរិស្ថានដោយមិនគោរពតាមបទដ្ឋានសាងសង់ផ្លូវត្រឹមត្រូវ និងបង្កឲ្យមានការហុយដី ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋមូលដ្ឋាន រស់នៅជិតទីតាំងសាងសង់៕ ដោយ អេង ប៊ូឆេង

To Top