ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃេីញវីរុសកូរ៉ូណា លេីជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំដែលធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ។ 

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី ១ករណី នៅខេត្តព្រះសីហនុ និងវិធានការការពារជំងឺ រលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-Cov)៖

ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា គិតមកត្រឹមម៉ោង៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុសអាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយក មកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណា តែម្នាក់គាត់ គឺលោក ចា ជិនហួរ។ 

អ្នកទាំងបួននាក់នេះ មានឈ្មោះ ដូចខាងក្រោម៖

១. លោក ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ព័រលេខ E54319891

២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen ភេទស្រី អាយុ ៥៧ឆ្នាំ ប៉ាស្ព័រលេខ E06137433

៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ ប៉ាស្ព័រលេខ ED0134348

៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ ប៉ាស្ព័រលេខ E24490509

យោងតាមប្រវត្តិ អ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រសារបានចេញដំណើរពីទីក្រុងហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង ០៤ខាងលើ មកពីទីក្រុងវូហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជា តាមជើងយន្តហោះត្រង់ ពីទីក្រុងវូហាន មកដល់ព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧ព្រឹក។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន២យប់។ បន្ទាប់មកបានចូលមក ស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ខែមករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការៈក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះ ភរិយាគាត់ឈ្មោះ វ៉ាង លឹងជេន បានទូរស័ព្ទទៅលេងក្រុមគ្រួសារ នៅប្រទេសចិន និងបានប្រាប់ថា ប្ដីគាត់មានអាការៈក្តៅខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មានពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តរួមជាមួយនឹងលោកស្រីប្រធាន មន្ទីរសុខាភិថាខេត្ត ព្រមទាំងមន្ត្រីឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានសកម្មក្នុងការស្រាវជ្រាវ រកករណីខាងលើនេះ ហើយបានរកឃើញថា គាត់កំពុងស្នាក់នៅសណ្ឋាគាររ៉ូនកូ ក្នុងក្រុងព្រះសីហនុ។ បន្ទាប់មក ក្រុម

ការងារសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុវិភាគស្របតាមលក្ខណៈ បច្ចេកទេសដែលបានណែនាំដោយក្រសួងសុខាភិបាល នៅថ្ងៃដដែល និងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ ខាងលើនោះ មកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ 

នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជីនហួរ មានវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-Cov)។ បច្ចុប្បន្ននេះ តាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យ ស្ថានភាពអ្នកជំងឺមានសភាពហ្នឹងនរ មានតែរោគសញ្ញា ផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារគាត់ ក៏មិនទាន់រកឃើញថា មានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ ណាមួយនៅឡើយដែរ។ ក្រុមគ្រូពេទ្យកំពុងតែតាមដាន សុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត។

វិធានការសំខាន់ៗ ដែលក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ បានដាក់ចេញអនុវត្ត មានដូចតទៅ៖

• ដាក់អ្នកជំងឺនៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដាន ក៏ដូចជាផ្តល់ការព្យាបាល ដោយចិត្តទុកដាក់ជាទីបំផុត

• ដាក់ក្រុមគ្រួសារគាត់ ឲ្យស្ថិតនៅក្រោមការតាមដានសុខភាព និងស្វែងរកអ្នកប៉ះពាល់ផ្សេងទៀត ដើម្បីធ្វើការអប់រំសុខភាពព្រមទាំងតាមដានសុខភាពពួកគាត់ និងបាញ់សំលាប់មេរោគ កន្លែងគាត់ស្នាក់នៅ

•រាយការណ៍ជូនស្ថានទូតចិន ប្រចាំនៅកម្ពុជា អំពីករណ៏វិជ្ជមានខាងលើនេះ។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ថា ក្រសួងកំពុងតាមដាន និងស្រាវជ្រាវដោយយកចិត្តទុកដាក់ ជាទីបំផុតនូវស្ថានភាពកើតមាន ករណីជំងឺរលាកសួតប្រភេទថ្មីនេះ និងសូមអំពាវនាវថា បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរវិលត្រឡប់មកពីទីក្រុងហាន ខេត្តបឺបេ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវតាមដានសុខភាព របស់ខ្លួនជាប់ជាប្រចាំ ហើយប្រសិនបើមានរោគសញ្ញា ក្តៅខ្លួន ក្អក ហៀរសំបោរ ឬមានរោគសញ្ញាហត់ ឬថប់ដង្ហើម សូមប្រញាប់ស្វែងរកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺនៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ ឲ្យបានទាន់ពេលវេលា ហើយបើលោកអ្នកមានសំណួរ ឬចម្ងល់អ្វីពីបញ្ហាសុខភាព លោកអ្នកសូមទាក់ទងទៅទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សូមធ្វើបច្ចុប្បន្នភាពករណី ជំងឺរលាកសួតដោយវីរុសកូរ៉ូណា ប្រភេទថ្មីនេះដោយគិតត្រឹមម៉ោង ៨ព្រឹក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ យោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោកបានបង្ហាញថា មានអ្នកជំងឺសរុបចំនួន ២.៧៤៤នាក់ ដែលមានវិជ្ជមានជំងឺរលាកសួត ដោយសារវីរុសកូរូណា ដែលបានរាយការណ៍ពីខេត្តចំនួន៣០ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងនោះមាន ៤៦១នាក់ ជាករណីធ្ងន់ចំនួន៨០នាក់ បានស្លាប់បាត់បង់ជីវិត។ សរុបចំនួនអ្នកសង្ស័យមាន ៥.៧៩៤នាក់ ក្នុងនោះមាន ៧២៩ករណីជាករណីថ្មី ដែលមាន ១៣៧ករណីធ្ងន់ និង ២៤ករណ៏ថ្មីដែលបានបាត់បង់ជីវិត (មកពី Hubei)។ ចិនហុងកុង មាន៨ករណី ម៉ាកាវ ៥ករនិងចិនតៃវ៉ាន់ ៤ករណ៍។ ដោយឡែកប្រទេសថៃ បានរាយការណ៍ថា បានរកឃើញចំនួន ៧ករណី ជប៉ុន ៣ករណី សាធារណរដ្ឋកូរ៉េ ៣ករណី សហរដ្ឋអាមេរិក ៣ករណី វៀតណាម ២ករណី ប្រទេសសាំងហ្គាពួរ ៤ករណី ប្រទេសម៉ាឡេស៊ី ៣ករណី ប្រទេសណេប៉ាល់ ១ករណី ប្រទេសបារាំង ៣ករណី និងប្រទេសអូស្ត្រាលី ៤ករណ៏។ អ្នកប៉ះពាល់ ឬអ្នកជិតដិតជាមួយអ្នកជំងឺសរុបមាន ៣២,៧៩៩ នាក់ ដែលកំពុងតាមដាន សម្រាប់ការសង្កេតផ្នែកវេជ្ជសាស្ត្របន្ត ក្នុងនោះមាន ៥៨៣នាក់ បានរួចផុតពីការតាមដានសុខភាព និងចំនួន ៣០,៤៥៣នាក់ កំពុងតែស្ថិតនៅក្នុងការឃ្លាំមើល ផ្នែកសុខភាពនៅឡើយ។ 

គួរកត់សម្គាល់ថា ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីអង្គការសុខភាព ពិភពលោកស្តីពីប្រភព និងរបៀបនៃការចម្លងជំងឺ រលាកសួតដោយវីរុសកូរ៉ូណាថ្មីនេះនៅឡើយទេ។ ប៉ុន្តែ មានការបង្ហាញថា មានការចម្លងពីមនុស្សទៅមនុស្ស ដោយមានកម្រិតហើយបច្ចុប្បន្ននេះ គេបានសង្កេតឃើញថា មានការចម្លងពីអ្នកដែលមានវីរុសនេះ ពីអ្នកដែលស្ថិតនៅក្នុង ដំណាក់កាលវីរុសសង្គំក្នុងខ្លួន (incubation period) តែមិនទាន់មានចេញរោគសញ្ញា នៅឡើយនោះ ទៅមនុស្សដទៃទៀត។

ក្នុងគោលបំណងការពារការ រាតត្បាតនៃជំងឺដែលបានរកឃើញខាងលើជនជាតិចិនម្នាក់ខាងលើនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកធ្វើដំណើរដែល វិលត្រឡប់មកពីទីក្រុងវូហាន ខេត្តហឺប៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយអនុវត្ត នូវវិធានការសាមញ្ញៗមានដូចខាងក្រោមនេះ។ 

ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អកនិងពិបាកដកដង្ហើម ទាំងក្នុងអំឡុងពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីកន្លែងដែលបានជម្រាបខាងលើ សូមទៅជួបវេជ្ជបណ្ឌិត (នៅគ្រឹះស្ថានសុខាភិបាលសាធារណៈ ដែលនៅជិតបំផុតភ្លាម) និងប្រាប់ព័ត៌មានដល់ត្រពេទ្យអំពី ប្រវត្តិនៃការធ្វើដំណើរ និងរោគសញ្ញារបស់លោកអ្នក។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់លើការបង្ការការ ចម្លងជំងឺរលាកសួតដោយ វីរុសកូរ៉ូណាថ្មីខាងលើ ដែលបានរកឃើញមានមួយករណី នៅខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ដោយអនុវត្តនូវវិធានការដូចតទៅ ៖

១. ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រច ឬអ្នកជំងឺដែលសង្ស័យ។

២. លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយ ផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។

៣, ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថា មានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបាន ទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។

៤. ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អជាពិសេស សាច់ និងស៊ុត។

៥. អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែងក្រម៉ា ឬក្រដាសជូតមាត់។

៧. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រេចស្រាវ ជាដើម)។

៨. បុគ្គលិកសុខាភិបាល ដែលផ្តល់ការថែទាំអ្នកជំងឺ ត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាល ឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាម បច្ចេកទេសសុខាភិបាល ដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។

៩. ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គេនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ ដោយសារជំងឺផ្លូវដង្ហើមស្រកស្រាវ មិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ)ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។

ក្រសួងសុខាភិបាល បន្តការស្រាវជ្រាវករណីជំងឺលើនេះ ជាបន្តទៀត និងបន្តធ្វើការជូនដំលឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហា សុខភាពតាមគេហទំព័រ និងទំព័រហ្វេសប៊ុករបស់ ក្រសួងសុខាភិបាលទំព័រហ្វេសប៊ុក និងគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ww.cdcmoh.gov.kh ដែលគេហទំព័រនេះមានសំភារៈអប់រំសុខភាព អំពីការបង្ការការឆ្លងជំងឺតាមផ្លូវដង្ហើម ដែលអាចទាញយកមកមើលបាន ។

សំរាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នកក៏អាចទូរស័ព្ទចូលបានដែរ ៕

To Top