ព័ត៌មានជាតិ

ពេជ្រ ស្រស់ ៖ រាជរដ្ឋាភិបាលគួរផ្អាក ជើងហោះហើរពីចិនមកកម្ពុជាមួយរយៈពេល ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក្នុងឱកាសចុះចែកម៉ាស់ ឲ្យកម្មករ-កម្មការិនី ដើម្បីការពារជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គួរតែផ្អាកជើងហោះហើរពីចិន មកកម្ពុជាមួយរយៈពេលសិន ដើម្បីបង្កាជំងឺប្រភេទថ្មីនេះ។

លោក ពេជ្រ ស្រស់ បន្តថា “បើយើងពិនិត្យមើល ជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា គឺវាមានឥទ្ធិពលខ្លាំងណាស់ ហើយវាឆ្លងយ៉ាងឆាប់រហ័សទៀតផង ដូច្នេះរដ្ឋាភិបាលកម្ពុជា គួរផ្អាកជើងហោះហើរពីចិនមួយរយៈសិន គឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណា រាលដាលនៅទូទាំងប្រទេសកម្ពុជារបស់យើង” ។

លោកបញ្ជាក់ថា ជនជាតិខែ្មរមានចំនួនតិចតួច បើប្រៀបធៀបជាមួយជនជាតិ ចិន ថៃ វៀតណាម ។ ក្នុងន័យនេះ គឺស្នើរាជរដ្ឋាភិបាលកម្ពុជា ត្រូវថែរក្សាជីវិតបងប្អូនខ្មែរឲ្យល្អប្រសើរ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃ២៨ មករានេះ អ្នកស្លាប់ដោយមេរោគប្រភេទថ្មី មានជាង១០០នាក់ និងអ្នកឆ្លងជាង៤ពាន់ករណី សម្រាប់ប្រទេសទាំងអស់ ដែលមានការឆ្លងជំងឺ។ ក្នុងនោះកម្ពុជាបានរកឃើញ ករណីឆ្លងជំងឺប្រភេទថ្មីនេះ កាលពីថ្ងៃ២៧ មករា ទៅលើបុរសជនជាតិចិនម្នាក់ អាយុជាង៦០ឆ្នាំ ដែលធ្វើដំណើរមកពីក្រុងវូហាន ប្រទេសចិន ជាទីដែលនាំឲ្យកើតជំងឺកូរ៉ូណានេះ ៕

To Top