ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជា-អូស្ត្រាលី ពិតជាមានទំនាក់ទំនងជាមួយគ្នា ស្ទើរគ្រប់វិស័យ

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក Pabio Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជា-អូស្ត្រាលី ពិតជាមានទំនាក់ទំនងជាមួយគ្នា យ៉ាងច្រើនវិស័យ ទាំងស្ថាប័នរដ្ឋជាដើម ។

សម្ដេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ក៏មានទំនាក់ទំនង ជាពិសេសផងដែរ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្របខណ្ឌអាស៊ាន ក្របខណ្ឌអាស៊ីបូព៌ា ក៏ដូចជាដៃគូ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

សម្ដេចបន្តថា លើសពីនោះទៅទៀត អូស្ត្រាលី ក៏មានកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេស គឺអូស្ត្រាលីបានជួយកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាពកន្លងមក ហើយជួយលើវិស័យកសិកម្ម។ ក្នុងនោះក៏បានជួយទិញស្រូវកម្ពុជា ឲ្យក្លាយទៅជាអង្ករលេខ១ នៅក្នុងពិភពលោកផងដែរ ។

ចំណែកលោកទូត បានសន្យាបន្តជំរុញ កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នទាំងអស់ ជាមួយកម្ពុជា ហើយក៏ផ្ដោតកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើពាណិជ្ជកម្ម៕ ដោយ៖ធី លីថូ

To Top