ព័ត៌មានជាតិ

កម្ពុជា-ចិន ជំរុញកិច្ចពិគ្រោះយោបល់ ដើម្បីសម្របសម្រួលប្រទេសរៀងៗខ្លួនមុនឆ្នាំ២០២០

ភ្នំពេញ ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក វេន ហុងប៊ីន (Ren Hongbin) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានឯកភាពគ្នាជំរុញកិច្ចពិគ្រោះយោបល់ និងសម្របសម្រួលក្នុងប្រទេសរៀងៗខ្លួន ឲ្យបានមុនជុំទី២ នៃការចរចា ដែលគ្រោងនឹងធ្វើឡើងនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគី កាលពីឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ឲ្យក្រុមការងារនៃប្រទេសទាំងពីររៀបចំសិក្សាពីលទ្ធភាពបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី កម្ពុជា-ចិន បានចាប់ផ្តើមសិក្សា និងរាយការណ៍ពីអត្ថប្រយោជន៍ នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងទទួលបានអាណត្តិ ពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ ឲ្យដំណើរការចរចាលើកិច្ចព្រមព្រៀងនេះ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាងមុន សំដៅ សម្រេចឲ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ តាមការកំណត់។

ក្រសួងពាណិជ្ជកម្ម បន្ដថា នៅថ្ងៃទី២០-២១ មករា កម្ពុជា និងចិន បានបើកការចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅទីក្រុងប៉េកាំង ក្រោមអធិបតីភាពលោក សុខ សុភ័ក្ត្រ និងលោក វេន ហុងប៊ី  នៅក្នុងពិធីបើកការចរចាជាផ្លូវការ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន និងកត់សម្គាល់សារៈសំខាន់នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។

ក្រសួងបញ្ជាក់ថា ឆ្លងកាត់ការចរចារយៈពេល២ថ្ងៃ ប្រធានក្រុមចរចានៃប្រទេសទាំងពីរ បានកត់សម្គាល់លទ្ធផលជាវិជ្ជមានរបស់ក្រុមការងារចរចាទាំង ១០ក្រុម ដោយបានផ្លាស់ប្តូរមតិ និងគោលជំហរទៅវិញទៅមក ព្រមទាំងឯកភាពលើមាត្រាមួយចំនួននៅក្នុងជុំចរចានេះផងដែរ។

ក្រសួងបន្ថែមថា «ជាជំហានបន្ទាប់ ភាគីទាំងពីរ នឹងជំរុញឲ្យបានកាន់តែឆាប់រហ័សនូវការលើកឡើងចំណុច ឬសំណើផ្សេងៗ តាមក្រុមការងារនីមួយៗ សំដៅឈានទៅរកការឯកភាពលើកិច្ចព្រមព្រៀង ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយនោះ ដែរប្រធានក្រុមចរចានៃប្រទេសទាំងពីរ បានឯកភាពជំរុញកិច្ចពិគ្រោះយោបល់ និងសម្របសម្រួលក្នុងប្រទេសរៀងៗខ្លួន ឲ្យបានមុនជុំទីពីរនៃការចរចា ដែលគ្រោងនឹងធ្វើនៅប្រទេសកម្ពុជា ក្នុងឆមាសទីមួយនៃឆ្នាំ២០២០ នេះ»៕

To Top