ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានក្រើនរំលឹកថា អ្នកដែលបំផុសចលនា ឲ្យកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទពីកម្ពុជា លើកលែងតែអាវុធ (EBA) គឺជាប៉ុនប៉ងដ៏អាក្រក់បំផុត របស់អ្នកនយោបាយអគតិមួយចំនួន នៅក្រៅប្រទេស ។
ក្នុងពិធីប្រគល់ រថយន្ដដល់ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សម្តេច ស ខេង បានថ្លែងថា “ទាក់ទងបញ្ហា EBA នោះគឺជាការប៉ុនប៉ងរបស់អ្នកនយោបាយ ដែលយើងចាត់ទុកថា អគតិ មិនបានគិតផលប្រយោជន៍ ប្រជាជនជាធំ ដើរឆ្កឹះឆ្កៀលបំផុសចលនាខាងក្រៅ ក៏ដូចជាខាងក្នុង ដើម្បីធ្វើម៉េចរាំងខ្ទបបញ្ហាហ្នឹង ដោយយើងលើកហេតុផលនេះ ហេតុផលនោះមកសំអាង”។
សម្តេចបន្តថា ទាំងនេះគឺជាសកម្មភាពមួយមិនមែន ដើម្បីផលប្រយោជន៍ជាតិទេ គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។
សូមរំលឹកថា សហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយថា តើត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀតនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ បើសិនរកឃើញ ការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ EBA បានធ្វើឲ្យកម្ពុជាចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ ៕ ដោយ អេង ប៊ូឆេង