ព័ត៌មានជាតិ

រដ្ឋបាល រាជធានីភ្នំពេញ បញ្ជាក់ថា ពុំទាន់មានអ្នកកើតជំងឺ កូរ៉ូណា នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ ៖ ក្រោយមានមតិលើកឡើង ដាក់ការសង្ស័យថា មានអ្នកកើតជំងឺរលាកផ្លូវដង្ហើមថ្មី បង្កដោយវីរុសកូរ៉ូណា កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ឬហៅថា ពេទ្យរុស្ស៊ី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពុំទាន់មានករណីនេះកើតឡើងទេ ។

យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា “សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាម តាមបណ្តាញសង្គមនោះឡើយ” ។

រដ្ឋបាលរាជធានីភ្នំពេញបានចាត់ទុក ការចែកចាយផ្សព្វផ្សាយ ព័ត៌មានមិនពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ ជាចេតនាបំពុលសង្គមបង្កឲ្យមានការភាន់ច្រឡំដល់ពលរដ្ឋកាន់តែខ្លាំងឡើង។

គួរបញ្ជាក់ថា ក្រោយរកឃើញករណីឆ្លងមេរោគកូរ៉ូណា ទៅលើបុរសជនជាតិម្នាក់ កាលពីថ្ងៃ២៧ មករា មកពេលនេះ ស្ថានភាពគាត់មិនមានអ្វីជាការធ្ងន់ធ្ងរទេ ៕ ដោយ ដារាត់

To Top