ព័ត៌មានជាតិ

Breaking News : រដ្ឋមន្រ្តីសុខាភិបាលខ្មែរ ៖ ជនជាតិចិនម្នាក់ មានផ្ទុកជំងឺកូរ៉ូណា នៅព្រះសីហនុ មានស្ថានភាពល្អប្រសើរ

ភ្នំពេញ ៖ ក្រោយមានការយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិតកម្ពុជា បុរសជនជាតិចិនម្នាក់អាយុជាង៦០ឆ្នាំ ដែលបានរកឃើញមានជំងឺវីរុសកូរ៉ូណា ប្រភេទថ្មី (2019-nCov) នៅព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃ២៩ មករានេះ សុខភាពរបស់គាត់មានលក្ខណៈល្អប្រសើរហើយ ។ នេះបើតាមការអះអាងពី លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។

កាលពីថ្ងៃទី២៧ មករា ក្រសួងសុខាភិបាលកម្ពុជា រកឃើញ ជំងឺវីរុសកូរ៉ូណា ប្រភេទថ្មី លើជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ជាមួយក្រុមគ្រួសារ ៤នាក់ មកកម្សាន្ដខេត្តព្រះសីហនុ ក្រោយពិនិត្យបង្ហាញថា ក្នុងចំណោមនោះ មានតែគាត់ម្នាក់ទេ មានជំងឺវីរុសកូរ៉ូណានេះ ។

លោក ម៉ម ប៊ុនហេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ថា«គាត់(លោក ចា ជិនហួរ) ធម្មតា អត់អីទេ ល្អប្រសើរ ហើយស្ថានភាពរបស់គាត់ មិនមានអី ធ្ងន់ធ្ងរទេ» ។

ទាក់ទងនឹងបញ្ហាសុខភាព របស់បុរសជនជាតិរូបនេះ គឺជាដំណឹងមួយដ៏ល្អផងដែរ សម្រាប់ស្ថានភាពមានការធូរស្រាលបែបនេះ។

បើងាកមកជនជាតិចិន ដែលមានផ្ទុកជំងឺនេះវិញ គឺមានមនុស្ស ៦០នាក់ហើយ បានចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយឡើងវិញ ក្រោយពីព្យាបាល ខណៈមានអ្នកស្លាប់ ១៣២នាក់ និងអ្នកឆ្លងជិត៦ពាន់នាក់ ។ នេះយោងតាមសារព័ត៌មាន BBC ៕ ដោយ អេង ប៊ូឆេង

To Top