ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ យកមកសួរនាំ ក្រោយបង្ហោះព័ត៌មាន ប្រឌិតថា មានផ្ទុះវីរុសកូរ៉ូណា នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ នគរបាលបានឃាត់ខ្លួន ស្ត្រីប្រកបអាជីវកម្ម លក់គ្រឿងសម្អាង និងអ៊ុតសក់ម្នាក់ មកសាកសួរនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ក្រោយបង្ហោះផ្សាយព័ត៌មានប្រឌិតថា មានផ្ទុះវីរុសកូរ៉ូណា នៅក្នុងមូលដ្ឋាន ខេត្តពោធិ៍សាត់ ។

ការឃាត់ខ្លួនស្ត្រីរូបនេះ ធ្វើឡើងក្រោយស្ត្រីរូបនោះបង្ហោះសារលើបណ្តាញសង្គម Facebook ឈ្មោះអាមុំ អាមុំ អ៊ុតសក់ ស្អាតពិតថា អ្នកពោធិ៍សាត់យើងប្រយ័ត្នប្រយែង ជំងឺកូរ៉ូណា បានឆ្លង ១នាក់ហើយ។

ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ អាមុំ សព្វថ្ងៃប្រកបអាជីវកម្ម លក់គ្រឿងសម្អាង និងអ៊ុតសក់ ដែលមានយីហោ «អាមុំអ៊ុតសក់» ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខាងក្រោយវត្តពាលញែក ជាប់របងវត្ត។

ប្រតិកម្មនឹងការបង្ហោះព័ត៌មានប្រឌិតនេះ សាលាខេត្តពោធិ៍សាត់ បានបញ្ជាក់ថា”គ្មាន ករណី ឆ្លង ជំងឺផ្លូវ ដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណា «Corona Virus» កើតឡើងនៅ ក្នុង ខេត្ត ពោធិ៍សាត់នោះទេ ។ ការផ្សាយថា «អ្នកពោធិ៍សាត់យើងប្រយ័ត្នប្រយែង ជំងឺកូរ៉ូណា បានឆ្លង១នាក់ហើយ» អាចជាចេតនា អាក្រក់ របស់ ជនបំពុលសង្គម ដើម្បី បំភ័យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបង្ករចលាចលសង្គមតែ ប៉ុណ្ណោះ “។

បច្ចុប្បន្នស្ត្រីរូបនោះ ត្រូវបានសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពចែកចាយព័ត៌មានមិនពិត តទៅទៀត ហើយអប់រំឱ្យត្រឡប់ទៅ លំនៅដ្ឋានវិញហើយ៕

To Top