ព័ត៌មានជាតិ

រដ្ឋបាលរាជធានី នឹងរៀបចំកញ្ចប់ទេសចរណ៍ ថ្មើរជើងថ្មី ស្របតាមដងទន្លេសាប ពីវត្តភ្នំ ដល់មុខព្រះបរមរាជវំាង

ភ្នំពេញ៖ ដើម្បីឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានពិភាក្សា លើផែនការបង្កើត កញ្ចប់ទេសចរណ៍ ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញ ស្របតាមដងទន្លេសាប ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរមរាជវំាង ។ 

យោងតាមកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រុមការងារពិសេស  របស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះសិក្សាពីបញ្ហាផ្សេងៗ និងកំណត់ ទីតំាងមួយចំនួន ដើម្បីឆ្ពោះទៅបង្កើតផ្លូវថ្មើរជើង ដែលចេញពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់តំបន់ មុខព្រះបរមរាជវាំង នាពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរ អោយមកលេងរាជធានីភ្នំពេញ បានកាន់តែច្រើន។

លោកអភិបាល បានបញ្ជាក់ថា ផ្លូវថ្មើរជើងនេះនេះ ភ្ញៀវទេសចរអាចមានជម្រើស  ដើរលេងកម្សាន្តច្រើន ដូចជានៅតំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្ត វត្តភ្នំ សួនកុមារ ប្រៃសណីយ ផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេ ដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារៈមន្ទីរជាតិ ព្រះបរមរាជវំាង ដែលធ្វើឲ្យភ្ញៀវដើរទស្សនា កម្សាន្តសប្បាយ ប្រកបដោយភាពរីករាយ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាល បានណែនាំដល់ក្រុមការងារ អោយសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្ត អោយបានត្រឹមត្រូវ ដើម្បីអោយកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានធ្វើដំណើរការដោយរលូន គ្មានការរំខាន ដល់ប្រជាពលរដ្ឋ ។

ក្នុងនោះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរត្រៀមកែលម្អផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌ នា ពេលរាត្រី រួមទំាងផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅ នឹងតម្រូវការ នៃការបង្កើតផ្លូវថ្មើរជើង ប្រកបដោយភាពទាក់ទាញ់ ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ  បានបញ្ជាក់ថា គម្រោងកែលម្អទំាងនេះ  គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុម នីយកម្មរវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង ពោលគឺធានាបាន សណ្តាប់ចរាណ៍ និងមិនរំខាន់ដល់ផ្លូវថ្មើរជើង។ 

សូមបញ្ជាក់ថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ  អាចបង្កើតឡើងក្នុងមួយសប្តាហ៍ ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតិ អោយមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ គម្រោងបង្កើតកញ្ចប់ទេសចរណ៍ ថ្មើរជើងនេះ បានធ្វើឡើង ក្រោមកិច្ចសហការ រវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញ ពីឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

To Top