ព័ត៌មានជាតិ

ក្រោយបិទល្បែង​ អនឡាញ មានជនជាតិចិន ជាង២០ម៉ឺននាក់ ចាកចេញពីកម្ពុជា

ភ្នំពេញ ៖ បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៏ ប្រកាសបិទការភ្នាល់គ្រប់ប្រភេទ តាមប្រព័ន្ធអេឡិចត្រូនិច online អគ្គនាយករដ្ឋាន អន្ដោប្រវេសន៍ បានអះអាងថា មានជនជាតិចិនជាង ២០ម៉ឺននាក់ បានចាកចេញពីប្រទេសកម្ពុជា ។

យោងតាមរបាយការណ៍ បូកបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅកាងារឆ្នាំ២០២០ អានដោយ ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង អន្តោប្រវេសន៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ ចំនួនជនបរទេស ដែលស្នាក់អាស្រ័យនៅកម្ពុជា រយៈពេលវែងបានកើនឡើងយ៉ាងគំហុក ជាពិសេស ជនជាតិចិន ដែលចូលមកធ្វើការនៅតាមកាស៊ីណូ និងហ្គេមអនឡាញ ។

លោកបញ្ជាក់ថា “តាមទិន្នន័យ នៃការផ្តល់ទិដ្ឋាការ អនុញ្ញាតឲ្យបន្តស្នាក់នៅ មានចំនួនរហូតប្រមាណ ៤៥ម៉ឺននាក់ ក្នុងនោះជនជាតិចិន មានជាង៧០% ប៉ុន្តែចំនួននេះត្រូវបានថយចុះជាបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសបញ្ឈប់ សកម្មភាពហ្គេមអនឡាញ កាលពីខែសីហា ។ រហូតមកដល់ចុងឆ្នាំ២០១៩ ចំនួនជនជាតិចិន ដែលចាកចេញពីកម្ពុជា មានប្រមាណជាង ២០ម៉ឺននាក់” ។

លោកបន្ដថា ដើម្បីធានាការគ្រប់គ្រង វត្តមាន ជនបរទេសរក្សាសន្តិសុខ សុវត្ថិភាពសង្គម
អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានយកចិត្តទុកដាក់ពង្រឹង កិច្ចដំណើរការ នៃការត្រួតពិនិត្យផ្តល់ទិដ្ឋាការ ចូលប្រទេសនិង ការបំពេញបែបបទស្នើសុំទិដ្ឋាការ បន្តស្នាក់នៅបណ្តោះអាសន្ន ជាពិសេសអាស័យដ្ឋាន ស្នាក់នៅ និងអាស័យដ្ឋានទំនាក់ទំនង និងឯកសារចាំបាច់មួយចំនួនទៀត ៕ ដោយ៖អេង ប៊ូឆេង

To Top