ព័ត៌មានជាតិ

កម្ពុជា មិនឲ្យបុរសជនជាតិអាមេរិកម្នាក់ចូល ក្រោយមានតម្រុយ ប៉ុនប៉ង់បំផ្ទុះគ្រាប់បែក នៅទូតអាមេរិកប្រចាំកម្ពុជា

ភ្នំពេញ ៖ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយករដ្ឋាន អន្ដោប្រវេសន៍បានថ្លែងថា កម្ពុជាមិនឲ្យបុរសម្នាក់ជាជនជាតិ អាមេរិកចូលមកកម្ពុជា ព្រោះពីមានតម្រុយថា បុរសម្នាក់នោះ មានបំណងបំផ្ទុះ គ្រាប់បែកនៅស្ថានទូត អាមេរិកប្រចាំកម្ពុជា កាលពីឆ្នាំ២០១៩ ។

យោងតាមរបាយការណ៍បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ មានមុខសញ្ញា ប៉ុនប៉ង់បំផ្ទុះគ្រាប់បែក និងបំផ្លាញស្ថានទូតអាមេរិក១លើក ពីសំណាក់សញ្ជាតិអាមេរិក ប៉ុន្តែទប់ស្កាត់ទាន់ពេលវេលា ហើយក៏បានបញ្ជូនទៅប្រទេសដើមវិញ ។

ដើម្បីឲ្យដឹងព័ត៌មាននេះ កាន់តែច្បាស់ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធិបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅព្រឹកថ្ងៃ៣០ មករា ថា “អាហ្នឹងស្ថានភាពជាក់ស្ដែង ពិតប្រាកដអត់ទាន់មានទេ ។ ប៉ុន្ដែគ្រាន់ជាព័ត៌មានពីខាងក្រៅមក (អាមេរិក) បរទេសជាមិត្តពាក់ព័ន្ធគេផ្ដល់ដំណឹងមកមុន។ បើថា មុខសញ្ញាហ្នឹងមកអាចមានអសន្ដិសុខ ដល់ស្ថានទូតអាមេរិក វាមានចេកនាមិនល្អចឹង ។ យើងអត់ឲ្យចូលប្រទេសយើង មកដល់យើងឲ្យត្រឡប់ទៅវិញ” ។

លោកបន្ថែម បុរសអាមេរិកម្នាក់នោះ បានមកដល់កម្ពុជាក៏ពិតមែន ប៉ុន្តែភ្លាមៗនោះ គឺភាគីកម្ពុជាបានបញ្ជូនត្រឡប់ទៅប្រទេសដើមវិញដែរ។

លោកបន្ដថា កម្ពុជាបានសហការជាមួយអាមេរិក យ៉ាងល្អដោយសព្វថ្ងៃបានបញ្ជូនព័ត៌មានឲ្យគ្នា ទៅវិញទៅមកប្រសិនបើមានករណីសង្ស័យ ៕ ដោយ អេង ប៊ូឆេង

To Top