ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងសំណេះសំណាល សាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករ ៥៦០គ្រួសារ នៅស្រុងថ្ពង

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ អំពីសុខទុក្ខប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងសំណេះ សំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ ស្ថិតនៅភូមិទឹកលង១ និងភូមិទឹកលង២ ឃុំរុងរឿង ស្រុងថ្ពង ខេត្តកំពង់ស្ពឺ ចំនួន ៥៦០គ្រួសារ ។

យោងតាមRoyal du Cambodge បានឲ្យដឹងបន្ថែមថា ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១), មី១កេស ត្រីខ ១០កំប៉ុង, កន្ទេល១, ស្បែកជើងផ្ទាត់១គូ, អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា , ថវិកា ១០ម៉ឺនរៀល និងអាហារសម្រន់ពេលព្រឹកផងដែរ ។ ក្នុងព្រះរាជពិធីនេះដែរ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ក៏បានប្រោសព្រះរាជទាន ព្រះរាជអំណោយដល់លោកគ្រូ អ្នកគ្រូ ចំនួន ២៥នាក់ និងក្រុមគ្រូពេទ្យចំនួន ៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតចំនួន១ និងអាវរងារចំនួន១ ដែលមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថវិកា ១០ម៉ឺនរៀល ។
ចំណែកសិស្សានុសិស្សចំនួន ៩០០នាក់ ទទួលបានអាហារពេលព្រឹកមួយពេលសម្រាប់ទទួលទាន មាន៖ ទឹកបរិសុទ្ធ១ដប ទឹកក្រូច១កំប៉ុង មីចាន២ នំប៉ាវ១ នំផ្អែម១កញ្ចប់ ផ្លែប៉ោម១ផ្លែ ព្រមទាំងសម្លៀក បំពាក់មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា៥.០០០រៀល និងសម្ភារសិក្សាមួយចំនួនផងដែរ ៕

To Top