ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ចិនអនុញ្ញាត្តឲ្យ សម្ដេច ទៅទីក្រុងប៉េកាំងវិញ ដើម្បីសម្តែងការគួរសម ជាមួយចិន និងស្វែងយល់អំពី ការយកចិត្តទុកដាក់ របស់ចិន ចំពោះនិស្សិតខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានអនុញ្ញតឲ្យសម្ដេច ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគី មិត្តចិន និងបានស្វែងយល់អំពី ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ចិនចំពោះសិស្សនិស្សិតខ្មែរ ដែលកំពុងសិក្សា នៅក្នុងទីក្រុងវូហាន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ បណ្ដាញសង្គមសហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបរាប់ថា តាមគម្រោង នៅថ្ងៃទី៥ កុម្ភៈនេះ សម្ដេចគ្រោង នឹងចាកចេញពីប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិតខ្មែរ ២៣ នាក់ ដែលកំពុងសិក្សា នៅទីនោះ។

សម្ដេចបន្ដថា ប៉ុន្តែមកទល់ម៉ោង ១១យប់ ថ្ងៃទី៤ កុម្ភៈ ទើបក្រសួងការបរទេសចិន ឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើរ របស់សម្ដេច ទៅកាន់ ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះ បានប្រកាសភាពអាសន្នបិទមិន ឲ្យមានចរាចរណ៍ឆ្លងកាត់ នៅក្នុងតំបន់នេះ នៅឡើយ ហើយចំពោះនិស្សិតវិញ ក៏មិនត្រូវបាន អនុញ្ញាតឲ្យចេញក្រៅពី ទីកន្លែងរស់នៅបានដែរ។

សម្ដេច មានប្រសាសន៍ថា «ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភ របស់ខ្ញុំចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកម៉ិញនេះ ខាងរដ្ឋាភិបាលចិន បានអនុញ្ញតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយ ភាគីមិត្តចិន និងបានស្វែងយល់អំពីការ យកចិត្តទុកដាក់របស់ រដ្ឋាភិបាលចិនចំពោះបងប្អូន និងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុង រស់នៅនឹងសិក្សា នៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅរសៀល ថ្ងៃទី៥ កុម្ភៈ នេះ សម្ដេច នឹងដឹកនាំគណប្រតិភូកម្ពុជា ចាកចេញពីប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរ វិលត្រឡប់ទៅកាន់ ប្រទេសកម្ពុជាវិញ។

សម្ដេចបន្ដថា «ខ្ញុំសូមអរគុណបងប្អូនជន រួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ។សូមជូនពរបងប្អូន ជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិន ទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺ ទាំងឡាយ»៕

ដោយ ៖ អេង ប៊ូឆេង

To Top