ព័ត៌មានជាតិ

លោកអភិបាល ខណ្ឌច្បារអំពៅ នាំយកអំណោយ ផ្តល់ដល់កម្មករ រងរបួស ដោយអគ្គិភ័យ

ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយផ្តល់ ដល់កម្មករចំនួន៣នាក់ ដែលរងគ្រោះដោយអគ្គិភ័យ នៅស្ថានីយ៍ដេប៉ូប្រេងតេលា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ នេះ ។

យោងតាមលោក ញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ ចុះទៅសាកសួរសុខទុក្ខដល់ប្អូនៗ កម្មករចំនួន៣នាក់ ដែលរងរបួសដោយសារហេតុការណ៍ អគ្គិភ័យកើតឡើង ក្នុងស្ថានីយ៍ដេប៉ូប្រេងតេលា ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខដល់ប្អូនៗ កម្មករនៅមន្ទីរពេទ្យកាល់ម៉ែត និងលោក ចេង មុនីរ៉ា ក៏បានសំដែងនូវក្តីរន្ធត់ និងអាណិតអាសូរដល់ប្អូនៗហើយក្នុងនោះ លោកអភិបាលខណ្ឌ ក៏បាននាំយកផ្លែឈើ ភេសជ្ជៈ និងថវិកា ផ្តល់ដល់ប្អូនៗទាំង៣នាក់ និងជូនពរឲ្យឆាប់ជាសះស្បើយពីរបួសរលាគភ្លើងនេះ។

លោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌ ច្បារអំពៅ បានបញ្ជាក់ទៀតថា កម្មករទាំង៣ ដែលរងរបួសនោះ គឺទី១~ឈ្មោះ ស្រួច ញៀនភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករលាងឡាន ។ទី២~ឈ្មោះ កួង បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករលាងឡាន និងទី៣~ឈ្មោះស៊ន ស៊ីថា ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុគ្គលិកលក់ហ្គាស ក្នុងស្ថានីយ៍ដេប៉ូប្រេងតេលា នៅចំណុចកើតហេតុ ។

ទឹកចិត្តសប្បុរសធម៌ របស់លោកអភិបាល ខណ្ឌច្បារអំពៅ ដែលតែងធ្វើឡើងរាល់ពេល ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ជួបទុក្ខលំបាកក្នុងជីវភាពឫគ្រោះថ្នាក់ផ្សេងៗ ។ ទឹកចិត្តសប្បុរសធម៌នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋលោកពេញចិត្ត និងគំាទ្ររាល់សកម្មភាពមនុស្សធម៌ ដែលលោកតែងធ្វើឡើង ជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការដោយគ្មានរើសអើងទៀតផង ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១៩និង០៤នាទីយប់ថ្ងៃ​ទី៤ ខែកុម្ភះ មានករណីផ្ទុះឆេះស៊ីទែនហ្គាស ស្ថិតនៅស្ថានីយ៍ចាក់ប្រេង​តេលា របស់ឈ្មោះ ព្រុំ សុផាន់ណា ភេទស្រីអាយុ៣៥ឆ្នាំ មានទីតាំងក្រុម៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឲ្យកម្មករ​៣នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ​ ៕

To Top