ព័ត៌មានជាតិ

និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល សហការជាមួយវីតាល់ រៀបចំកម្មវិធី បរិច្ចាគឈាម ក្រោមប្រធានបទ “ការបរិច្ចាគឈាម គឺអំណោយជីវិត”

ភ្នំពេញៈ ភ្នំពេញៈ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ពេញមួយថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម រួមជាមួយនឹង ក្រុមហ៊ុនទឹកពិសា វីតាល់ ដើម្បីប្រារព្ធពិធីបរិច្ចាគឈាម ដោយស្មគ្រ័ចិត្ត និងមិនគិតកម្រៃលើកទី១ ឆ្នាំ២០២០ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» ក្រោមវត្តមាន លោកសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួង សុខាភិបាល តំណាងលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកស្រី តាន់ សុឃា ប្រធានគ្រប់គ្រង ម៉ាកសញ្ញា ក្រុមហ៊ុនវីតាល់ និងភ្ញៀវកិត្តយស និងនិស្សិតជាច្រើននាក់ផ្សេងទៀតផងដែរ ។

ចាប់ពីឆ្នាំ២០១៣ ដោយមានការសហការ ជាមួយក្រុមហ៊ុនវីតាល់ និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានរៀបំកម្មវិធីទទួលយក អំណោយឈាម ពីសប្បុរស ជាពិសេសពីនិស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលគ្រប់ជំនាញ ។ កម្មវិធីលើកនេះ ក៏រំពឹងយ៉ាងមុតមាំថា នឹងទទួលបានប្លោកឈាម យ៉ាងហោចណាស់ ៣០០ប្លោកដើម្បីបំពេញបន្ថែមពី នៃកង្វះឈាមទូទាំងប្រទេស ។

ឈ្លៀតក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួង សុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអបអរសាទរ ដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់និស្សិតសាកលវិទ្យាល័យទាំងឡាយ ដែលប្អូនៗមានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាម ជាទៀងទាត់រៀងរាល់ឆ្នាំ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាព របស់យុវជនខ្មែរជំនាន់ថ្មី ដែលជាគម្រូល្អដើម្បីបន្តអនុវត្ត ឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង ។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដៃគូរនានាសាកលវិទ្យាល័យ ក៏ដូចជា ក្រុមហ៊ុន វីតាល់ ដែលតែងតែចូលរួមចំណែក ក្នុងការរៀបចំ កម្មវិធីសប្បុរសនេះ ឡើងជាថ្មីម្តងទៀត ក្នុងបរិវេណ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រេចឲ្យបាន ៥០% នៃអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៥ តាមគម្រោងរបស់ក្រសួងសុខាភិបាល ។

សាកលវិទ្យាល័យនឹងខិតខំបន្តប្រឹងប្រែងរៀបចំយុទ្ធនាការអប់រំ ផ្សព្វផ្សាយអំពីសារៈសំខាន់នៃការបរិច្ចាគឈាម ព្រមទាំងប្រមូលអ្នកស្ម័គ្រចិត្តផ្តល់ឈាមឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើជាគម្រូឈានមុខ ក្នុងសកម្មភាពមនុស្សធម៌នេះដោយមូលហេតុថា ការងារបរិច្ចាគឈាមនេះគឺជាភារកិច្ចរបស់យើងគ្រប់ៗគ្នា ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែងអំណគុណ ដល់និស្សិត នៃសាកលវិទ្យាល័យសុខាភិបាល ក៍ដូចជាសប្បុរសជនដទៃទៀត ដែលបានធ្វើការបរិច្ចាគឈាម យ៉ាងច្រើនកុះករជួយសង្គ្រោះជីវិត អ្នកជំងឺដែលកំពុងចាំបាច់ ត្រូវការឈាមសង្គ្រោះជីវិត ដែលមានតម្រូវការលើសពី២០០ ប្លោកក្នុង១ ថ្ងៃក្នុងរាជធានីភ្នំពេញ ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍បញ្ជាក់ថា ការបរិច្ចាគឈាម គឺមិនមានការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញ អ្នកបរិច្ចាគឈាម គឺជាវីរបុរសដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន ។

ដើម្បីលើទឹកចិត្ត និងជម្រុញការបរិច្ចាគឈាម ដោយស្មគ្រ័ចិត្តឲ្យមានសន្ទុះកើនឡើង កាន់តែខ្លាំងទូទាំងប្រទេស វីតាល់ តែងតែផ្តល់ការឧបត្ថម្ភ ដល់ការផ្សព្វផ្សាយគ្រប់បណ្តាញ ប្រពន្ធ័ផ្សព្វផ្សាយនានា ព្រមទាំងបានផ្តល់នូវ ទឹកពិសាគុណភាពខ្ពស់ វីតាល់៦ដប រួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើការឧបត្ថម្ភរោង និងឆាកគណៈអធិបតីដ៏ស្រស់ស្អាត។

វីតាល់ពិតជារីករាយគាំទ្រ រាល់សម្មភាពមនុស្សធម៌គ្រប់រូបភាព ហើយ វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រយ៉ាង ចំពោះកម្មវិធីសប្បុរសធម៌គ្រប់រូបភាពបន្ថែមទៀត ដើម្បីជាសក្ខីភាព នៃការចូលរួម របស់អតិថិជនវីតាល់ ក្នុងមូលនិធិ ២៥រៀល ពីការលក់ទឹកមួយដប ។ ក្រុមហ៊ុន វីតាល់ ត្រូវបានមើលឃើញថា បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងកម្មសប្បុរសធម៌នានា ក្នុងសង្គម ដែលថ្មីនេះ វីតាល់ពាំនាំក្រុមយុវជន ដែលមានភាពក្លាហាន និងឆ្លាតវៃជាច្រើននាក់ក្នុងការ ចូលរួមជាមួយវីតាល់ ក្នុងការធ្វើការងារសង្គម ដើម្បីភាពជឿនលឿននិងការអភិវឌ្ឍ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top