ព័ត៌មានជាតិ

ស្វាយធ្លាក់ថ្លៃ ដល់១ គីឡូក្រាម ៤០០ទៅ៥០០រៀល ដោយសារក្រុមឈ្មួញ ទម្លាក់តម្លៃបានតាមចិត្ត

ភ្នំពេញ៖លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិ សមាគម សហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៦កុម្ភៈនេះផ្លែស្វាយខៀវ ក្នុងចំការមានតម្លៃ ចន្លោះពី៤០០ទៅ៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈតម្លៃផ្លែស្វាយខៀវ ដឹកដល់រោងចក្រ មានតម្លៃ៦៥០រៀល ក្នុងមួយគីឡូក្រាម ។

លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិ សមាគម សហព័ន្ធស្វាយកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា “ឆ្នាំទៅខែនេះ ស្វាយខៀវតម្លៃ៨០០រៀល ទៅ១០០០រៀលក្នុងមួយគីឡូក្រាមតម្លៃក្នុងចំការ រីឯតម្លៃដល់រោងចក្រ អាចចន្លោះពី ១០០០រៀល ទៅ១២០០រៀលក្នុងមួយគីឡូក្រាម” ។

ប្រធានប្រតិបត្តិ សមាគមសហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងបន្ថែមថា ដោយផ្អែកលើកសិកិច្ចសន្យា (Contract Farming) ឆ្នាំនេះគ្រប់រោងចក្រ គឺទិញពីឈ្មួញកណ្តាល ដែលជាក្រុមផ្គត់ផ្គង់ ដោយដាក់តម្លៃតាមថ្ងៃ។

បើសម្បូរស្វាយរោងចក្រទាញទម្លាក់តម្លៃបើមិនមានស្វាយរោងចក្រប្រកាសឡើងតម្លៃភ្លាមៗដោយសារគ្រប់រោងចក្រដឹងថាស្វាយគឺសម្បូរនៅក្នុងពេលនេះទើបពួកគាត់ទាញទម្លាក់តម្លៃ ទិញថោករាល់ថ្ងៃ”។

លោក អ៊ិន ឆៃវ៉ាន ឲ្យដឹងទៀតថា ប្រសិនបើតម្លៃស្វាយខៀវ ក្នុងចំការលក់បាន មួយគីឡូក្រាម ចន្លោះពី៨០០រៀលទៅ១០០០រៀល ទើបប្រជាកសិករពុំសូវខាតបង់ ក្នុងករណីដែលគាត់អាចធ្វើបានផ្លែ ២ដង ក្នុងមួយឆ្នាំយ៉ាងតិច ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top