ព័ត៌មានជាតិ

សម្តេច ហេង សំរិន ស្នើអូស្រ្តាលី ជួយបន្ថែមអាហារូបករណ៍ និស្សិតខ្មែរ

ភ្នំពេញ ៖ ប្រធានរដ្ឋសភាសម្តេច ហេង សំរិន បានស្នើសុំរដ្ឋាភិបាលអូស្រ្តាលី បន្តបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការកសាងធនធានមនុស្សឲ្យច្រើន ដើម្បីជាកត្តាសំខាន់ជំរុញ ការអភិវឌ្ឍនៅកម្ពុជា ឲ្យកាន់តែឆាប់រហ័ស។ ក្រៅពីនេះ សម្តេចបានលើកឡើងពីសំណើផ្សេងៗទៀត ដល់ភាគីអូស្រា្តលី លើការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ជាដើម។

សម្តេច ហេង សំរិន លើកឡើងសំណើដូចខាងលើនេះ ក្នុងឱកាសសម្តេចទទួលជួប សម្តែងការគួរសមជាមួយ លោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្រា្តលី ទើបតែងតាំងថ្មីកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងល្អជាមួយគ្នា ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ រដ្ឋសភាកម្ពុជា-អូស្រ្តាលី តែងតែមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ នៅលើវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក។

ឆ្លើយតបសំណើរសម្តេច ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី បានលើកឡើងថា មានអ្នកវិនិយោគអូស្រ្តាលីច្រើន បានកំពុងវិនិយោគទុននៅកម្ពុជាក្នុងវិស័យកសិម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ កម្ពុជា ពិសេសអង្គរវត្តគឺជាទិសដៅទេសចរណ៍របស់ប្រជាជនអូស្រ្តាលី។ មានជនជាតិអូស្រ្តាលីរាប់ពាន់នាក់ ក្នុង១ឆ្នាំៗ បានមកទស្សនាកម្ពុជា។

ចំពោះការផ្តល់អាហារូបករណ៍អូស្រ្តាលីដល់និស្សិតកម្ពុជាវិញ លោក ប៉ាប្លូ ជីហូកាង បានគូសបញ្ជាក់ថា ស្ថានទូតអូស្តា្រលី ទើបតែផ្ញើសារអេឡិចត្រនិចទៅកាន់គ្រប់ក្រសួងរបស់កម្ពុជាដើម្បីជំរុញផ្សព្វផ្សាយដល់មន្រ្តី បានដាក់ពាក្យសុំទៅសិក្សានៅអូស្រ្តាលី។ ការស្នើសុំដាក់ពាក្យពីមន្រ្តីកម្ពុជានេះ មានពេល រហូតដល់ខែមេសា ទើបបិទបញ្ចប់ ។

អូស្រ្តាលីជាប្រទេសមួយបានជួយអភិវឌ្ឍន៍កម្ពុជាជាច្រើនវិស័យ ក្នុងនោះ មានការបោសសំអាតមីន កសិកម្ម អភិវឌ្ឍន៍ជនបទ អភិបាលកិច្ច និងលទ្ធិប្រជាធិបេតយ្យជាដើម ៕ ដោយ ស សំណាង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top