ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវសង្សារ កាប់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវសង្សារ កាប់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ អ៊ន ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរបួសដាច់ម្រាមនាងដៃខាងស្តាំ១, ដាច់កដៃខាងស្តាំដាច់ដល់ឆ្អឹង និងស្មាត្រង់បោះដៃផុតមួយកន្លែង ។ ចំណែកជនសង្ស័យមានគ្នាពីរនាក់ ១-ឈ្មោះ ចក់ ពឿន ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិ ព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានរត់គេចខ្លួនបាត់ និង ជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ កំពុងដេកក្នុងផ្ទះរបស់នាង តែម្នាក់ឯងបានដាក់គន្លឹះទ្វារពីខាងក្នុង ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មានជនសង្ស័យជាសង្សារ ធ្លាប់រស់នៅជាមួយគ្នាពីមុនមក គោះទ្វារបន្ទប់ឲ្យបើក ប៉ុន្តែនាងមិនព្រមបើក រំពេចនោះជនសង្ស័យគំរាមសម្លាប់ និងយកកាំបិតកាប់ទ្វារ ដោយភ័យខ្លាចពេក នាងក៏បើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយត្រូវជនសង្ស័យចាប់បីនាងដាក់លើម៉ូតូ ។ ពេលនោះជនរងគ្រោះរើខ្លាំងពេក ជនបង្កខឹងក៏ឈប់ម៉ូតូ ហើយទាញកាំបិត មកកាប់លើនាងជាច្រើនកាបិត បណ្ដាលឲ្យរងរបួសធ្ងន់ រួចបង្កក៏ជិះម៉ូតូ រត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុ និងបានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។ បន្ទាប់មកបាន ស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ ៕

To Top