ព័ត៌មានជាតិ

អ្នកជំនាញ៖ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ដើរតួនាទី ជាចលករដ៏សំខាន់ ក្នុងការទ្រទ្រង់ កំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ លោក លី សែនសេរី អគ្គនាយកក្រុមហ៊ុន SENSEREY GROUP ក្នុងនាមជាអ្នកជំនាញ មានបទពិសោធន៍ លើវិស័យសំណង់មួយរូប បានលើកឡើងថា វិស័យសំណង់ នៅតែមានសុខុមាលភាពល្អ នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០នេះ ខណៈវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានដើរតួនាទី ជាចលករមួយដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចជាតិ ។

នាឱកាស ចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន SENSEREY GROUP និងក្រុមហ៊ុន KX GROUP មកពីប្រទេសចិន ក្នុងយុទ្ធសាស្ត្រ វិនិយោគ លើវិស័យសំណង់យូរអង្វែង នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ អគ្គនាយកក្រុមហ៊ុន SENSEREY GROUP បានមានប្រសាសន៍ថា “ជាក់ស្តែង តាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា តម្លៃទំហំទុន វិនិយោគវិស័យ សំណង់ទូទាំងប្រទេស នៅឆ្នាំ២០១៩ មានតម្លៃសរុប ប្រមាណជាង ៩,៣ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ជាង៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​ ឆ្នាំ២០១៨” ។

លោក លី សែនសេរី បានបន្តថា “ការរីកចម្រើននៃវិស័យ អចលនទ្រព្យ និងសំណង់នេះ ពិតជាបានង្ហាញ ពីការវិវត្តឈានឡើង នៃសេដ្ឋកិច្ចកម្ពុជា ប្រកបដោយស្ថេរភាព និងនិរន្តរភាព ។ ជាពិសេសការរីកចម្រើន នៃវិស័យអចលនទ្រព្យ គឺជាការបង្ហាញ នូវការជឿជាក់ របស់អ្នកអភិវឌ្ឍអចលនវត្ថុ តាមរយៈការដាក់ចេញ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ។ ហើយស្របគ្នានេះដែរ ទុនវិនិយោគ ក្នុងវិស័យសំណង់ នៅរយៈពេល៩ខែ ឆ្នាំ២០១៩ នេះកើនឡើងជាង ៤៣% ដោយវិស័យមួយនេះ ក៏បានបង្កើត ការងារជាច្រើន ជូនប្រជាពលរដ្ឋ ជិត១៥ម៉ឺននាក់ ក្នុង១ថ្ងៃ” ។

លោកបានបន្ថែមថាទៀតថា “ការរកើនឡើង នៃទំហំវិនិយោគទាំងនេះ គឺដោយសារតែមាន គម្រោងសាងសង់ ជាច្រើនរួមមាន អគារពាណិជ្ជកម្មចម្រុះ សណ្ឋាគារ រមណីយដ្ឋាន គម្រោងសាងសង់ផ្សារទំនើប អគារការិយាល័យ សំណង់អគារស្នាក់នៅរួមខ្ពស់ៗ សំណង់លំនៅដ្ឋាន ជាលក្ខណៈបុរី សំណង់អគាររោងចក្រ ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍន៍ តំបន់សេដ្ឋពិសេស ហើយក្រុមហ៊ុនចិន បានជាប់ចំណាត់ថ្នាក់ទី១ ក្នុងការបោះទុនវិនិយោគ លើវិស័យសំណង់កម្ពុជា ដែលមានទំហំទឹកប្រាក់ ប្រមាណជាង ២.៨៦៥លានដុល្លារអាមេរិក នេះជាការលើកឡើងរបស់ លោក ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ” ។

ការចុះអនុស្សរណៈយោគយល់គ្នា​ រវាងក្រុមហ៊ុន SENSEREY GROUP និងក្រុមហ៊ុន KX GROUP នាឱកាសនេះ ត្រូវបានភាគីទាំងពីរ រំពឹងថា នឹងបង្កលក្ខណៈ កាន់តែងាយស្រួល ក្នុងការធ្វើទំនាក់ទំនង និងស្វែងយល់ អោយកាន់តែច្បាស់ អំពីគុណភាពការងារ កំរិតស្តង់ដារអន្តរជាតិ របស់ក្រុមហ៊ុន ព្រមទាំងបង្ហាញ ពីសាមគ្គីភាព ភាពរីកចម្រើន ការអភិវឌ្ឍ និងជាភស្តុតាង បង្ហាញពីកំណើន សេដ្ឋកិច្ចលើវិស័យសំណង់ របស់ប្រទេសកម្ពុជា-ចិន ផងដែរ៕ ដោយ៖ ដារាត់

To Top