ព័ត៌មានជាតិ

Full Story៖ ជនជាតិខ្មែរម្នាក់ឆ្លងវិរុស កូវីដ-១៩ , រាជរដ្ឋាភិបាលនឹងបិទ សាលា និងមិនធ្វើ អង្គរសង្ក្រាន្ដ​ នៅក្រុងសៀមរាប

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញបុរសជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប មានផ្ទុកវិរុស កូវីដ-១៩ ជាលើកំបូង ក្រោយវីរុសនេះ បានផ្ទុះជាសាធារណៈ នៅបណ្តាបហរទេសជាច្រើន លើសកលលោក ។

ដើម្បីបង្កាកុំឲ្យរីករាលដាល រាជរដ្ឋាភិបាល ក៏បានប្រកាសបិទសាលារៀន នៅទីក្រុងសៀមរាប មួយរយៈពេលសិន ព្រមទាំង មិនធ្វើអង្គរសង្ក្រាន្ដសៀមរាប នាពេលខាងមុខនេះ ផងដែរ។

ក្រសួងសុខាភិបាល រកឃើញ កូវីដ-១៩ថ្មី នៅលើជនជាតិខ្មែរម្នាក់ លើកបំដូង បន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធ ជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណា ដែលចាកចេញ ពីខេត្តសៀមរាប ទៅជប៉ុន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់វៀតណាម។

ចំណែក៣នាក់ ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងទេ ខណៈក្រសួងសុខាភិបាល នឹងតាមដានរយៈពេល ១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិត នៅដាច់ដោយឡែក។

ក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពី វីរុស កូវីដ-១៩ នាព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្រុមគ្រូពេទ្យមានជំនឿ ក្នុងព្យាបាលបុរសម្នាក់ ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ផ្ទុកកូវីដ-១៩ ឲ្យជាសះស្បើយ ក្រោយពីទទួលបាន បទពិសោធន៍ ព្យាបាលបុរសជនជាតិចិនម្នាក់ ជាសះស្បើយ នាពេលកន្លងមក។

លោកមានប្រសាសន៍ថា “អ្នកដែលប៉ះពាល់ផ្ទាល់ ៤នាក់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានដាក់នៅបន្ទប់ដោយឡែក នៃមន្ទីរខេត្តសៀមរាប។ ទោះពួកគាត់មិនចេញ រោគសញ្ញាក៏ពិតមែន ក្រសួងសុខាភិបាល នៅថ្ងៃដដែលបានណែនាំ ឲ្យយកសំណាក វត្ថុវិភាគ បុគ្គល៤នាក់នេះ មកធ្វើការវិភាគនៅ វិទ្យាស្ថានប៉ាស្ទរកម្ពុជា រហូតដល់ម៉ោង១២៖៥០នាទី នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ក្រសួងទទួលបានលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទរកម្ពុជាវិញថា បុរសអាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយ បុរសជនជាតិជប៉ុន អាយុ៤០ឆ្នាំមានវិរុស កូវីដ-១៩នោះ មានលទ្ធវិជ្ជមាន កូវីដ-១៩។រីឯ៣នាក់ទៀត ស្ដ្រី២ បុរស១ មានលទ្ធផលអវិជ្ជមាន កូវីដ-១៩ ហើយក្រុមគ្រូពេទ្យ នៅសៀមរាប ក៏បន្ដពិនិត្យអ្នកទាំង៣នេះ រហូតដល់១៤ថ្ងៃទៀត”។

លោកបន្ដថា បរុសជនជាតិខ្មែរអាយុ៣៨ឆ្នាំ ដែលមាន វិជ្ជមាន កូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យនៅដោយឡែក ពីគេ ហើយបន្ដការព្យាបាល ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

ដើម្បីការពារ សិស្សានុសិស្ស នៅខេត្តសៀមរាម លោក ម៉ម ប៊ុនហេង បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានប្រកាសបិទ សាលារៀន នៅក្រុងសៀមរាបមួយរយៈសិន ដើម្បីទប់ស្កាត់ កូវីដ-១៩ ខណៈសាលារៀនជាកន្លែងប្រមូលផ្តុំ ទៅដោយ មនុស្សច្រើន។

លោកថា “តាមការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លោកឲ្យបិទសាលារៀន តាំងពីបឋមសិក្សា នៅទីរួមខេត្តសៀមរាប ហើយមនុស្សនៅទីរួមខេត្តសៀមរាប ហើយ សាលានៅនឹងមាន ឧត្តមសិក្សា ដែលទាក់ទងប្រមូលផ្ដុំសិស្ស ហើយនិស្សិតនៅនឹងច្រើន”។

លោកបន្ថែមថា ក្លឹបកម្សាន្ដនៅទីរួមខេត្តសៀមរាបវិញ នឹងមានការពិភាក្សាជាមួយ ក្រសួងទេសចរណ៍ ដើម្បីអាចឈានទៅបិទដែរ។

ទាក់ទងទៅនឹង អង្គរសង្ក្រាន រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា នឹងមិនធ្វើអង្គរសង្ក្រាន្តសៀមរាបឡើយ សម្រាប់ឆ្នាំ២០២០ ក្រោយបុរសខ្មែរម្នាក់ឆ្លង វីរុស កូវីដ-១៩។

រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល អះអាងថា “ដើម្បីបង្ការ និងបារម្ភពីការរីករាលដាលនៃជំងឺ កូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបិទការរៀបចំអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប”។

បន្ថែមពីនេះ លោក ម៉ម ប៊ុនហេង លើកឡើងថា ខេត្តសៀមរាប នឹងដាក់ជាតំបន់គោលដៅ ដើម្បីទប់ស្កាត់កុំឲ្យរីករាលដាល វីរុស កូវីដ-១៩ ទៅបណ្តាខេត្តផ្សេងទៀត។​ ក្រសួង នៅតែបន្តធ្វើការងារ និងសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង សហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ដើម្បីទប់ស្ដាត់ជំងឺ កូវីដ-១៩ ។

ជាមួយគ្នានេះ ក្រោយផ្អើលរឿងលក់ម៉ាស់ថ្លៃ ហើយពលរដ្ឋរអ៊ូរទាំ លោក ម៉ម ប៊ុនហេង បានថ្លែងថា បើអ្នកណាជួបប្រទះ នឹងការលក់ថ្លៃខុសពីធម្មតា ត្រូវប្តឹងទៅប៉ូលីសសេដ្ឋកិច្ច ដើម្បីចាត់វិធានការបន្ទាន់។ ជាមួយគ្នានេះដែរ លោកលើកទឹកចិត្ត ឲ្យពលរដ្ឋប្រើប្រាស់ក្រម៉ា​ ជំនួសម៉ាស់ផងដែរ ព្រោះក្រម៉ាល្អជាងម៉ាស់។

ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹង កូវីដ-១៩ កាន់តែច្បាស់ លោកស្រី ឱន វ៉ាន់ឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យប្រជាពលរដ្ឋខ្មែរ ដែលមានអាការៈថប់ និងពិបាកដកដង្ហើម ត្រូវប្រញាប់ទៅរកសេវាពិនិត្យ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ ដើម្បីរកវីរុស កូវីដ-១៩ និងជំងឺផ្សេងៗទៀត។

ចំណែក តំណាងអង្គការ សុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានថ្លែងអំណរគុណ ក្រសួងសុខាភិបាលកម្ពុជា ដែលជាសេនាធិការរាជរដ្ឋាភិបាល ចំពោះការឆ្លើយតប​ ទាន់ពេលវេលា និងការរកឃើញវីរុសកូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់ ដែលនៅក្បែរបុរស ជនជាតិជប៉ុន៕ ដោយ ៖ អេង ប៊ូឆេង

To Top