ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ ទទួលម៉ាស់ ពីក្រុមហ៊ុនឯកជនក្នុងស្រុក ១០ម៉ឺនម៉ាស់ សម្រាប់ចែកចាយ និងការពារពីជំងឺឆ្លង

ភ្នំពេញ ៖ លោក លឹម ឃាង ប្រធានសិប្បកម្មតឹងយ៉ុង បាលផ្ដល់ម៉ាស់ ចំនួន១០ម៉ឺន ម៉ាស់ ដល់សាលារាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ខណៈដែលរដ្ឋបាល រាជធានីភ្នំពេញ នឹងរក្សាម៉ាស់នេះ ទុកសម្រាប់ចែកចាយ យកទៅប្រើប្រាស់ ការពារមេរោគឆ្លង នៅតំបន់ដែលមានការសង្ស័យមានជំងឺឬមេរោគឆ្លង ដូចជាជំងឺផ្តាសាយជាដើម ។

ក្រោយពីទទួលបាន ម៉ាស់ទាំងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន តឹងយ៉ុង។
លោក ឃួង ស្រេងបានឲ្យដឹងថា “ម៉ាសទាំងនេះរក្សាទុកសិន គឺពិនិត្យមើលទៅតាមលទ្ធភាព ថាតើកន្លែងនោះ មានរាលដាលមេរោគ ឬក៏អត់ ហើយម៉ាសនេះ គឺចែកឱ្យទៅតំបន់ មានជំងឺសំរាប់ការពារខ្លួនពីជំងឺ”។

លោក ឃួង ស្រេង បានលើកឡើងថា “ម៉ាសនេះក៏អាចជួយ ទៅដល់តំបន់ណា ដែលមានការសង្ស័យ មានជំងឺឆ្លង covid-19 នៅខេត្តសៀមរាបជាដើម ហើយនិងមានការពិគ្រោះយោបល់ ជាមួយមន្ទីរសុខាភិបាលរាជធានី ថា គួរចែកទៅផ្នែកណាខ្លះ” ។

ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា រដ្ឋបាលរាជធានី និងមានវិធានការ ចំពោះអ្នកណា ដែលផ្សាយព័ត៌មានមិនពិត តាមបណ្តាញព័ត៌មានសង្គម ដែលធ្វើឱ្យមានចលាចល នៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស ។

លោក ឃួង ស្រេង ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ចូលរួមប្រុងប្រយ័ត្ន នឹងការពារទប់ស្កាត់ជំងឺ និងសូមឱ្យប្រជាពលរដ្ឋ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងនោះដែរលោក លឹម ឃាង បានដឹងថា ក្រុមហ៊ុរបស់លោក បានប្រគល់ម៉ាស ចំនួន១០ម៉ឺន ជូនសាលារាជធានីភ្នំពេញ សំរាប់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតំបន់ណា ដែលសង្ស័យថាមានជំងឺឆ្លង ៕ ដោយ៖ ដារ៉ាត់

To Top