ព័ត៌មានជាតិ

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ រកឃើញទឹកក្រូច ហួសកាលបរិច្ឆេទ ដាក់តាំងលក់នៅផ្សារចាស់ ក្នុងក្រុងស្ទឹងសែន ,មន្រ្តីដកហូតយកមករក្សាទុក ដុតកំទេចចោល

កំពង់ធំ ៖ ដោយមានការណែនាំរបស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ឲ្យសាខាកាំកុងត្រូលនៅគ្រប់សាខាទូទាំងប្រទេស បន្តយុទ្ធនាការ ចុះពង្រឹងការត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ជូនដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃអង្គារទី១០ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរក្រុង បានចុះត្រួតពិនិត្យទំនិញ នៅផ្សារចាស់ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកលៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ នៅផ្សារចាស់នេះ ក្រុមការងារជំនាញកាំកុងត្រូលរបស់លោក បានធ្វើតេស្ត ទៅលើណែម រកសារធាតុបូរ៉ាក់ តែរកមិនឃើញមានសារធាតុគីមី ហាមឃាត់នៅក្នុងសាច់ណែមទេ ប៉ុន្តែក្រុមការងារបានរកឃើញ ទឹកក្រូច ម៉ាក Big ចំណុះ៣,១លីត្រ ចំនួន៧ដប ផលិតនៅប្រទេសថៃ ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយបានដកហូតយកមករក្សាទុក ដើម្បីកំទេចចោល នៅពេលក្រោយ ។

បន្ទាប់មកមន្ត្រីជំនាញកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

To Top