ព័ត៌មានជាតិ

រាជរដ្ឋាភិបាល តែងតែយកចិត្តទុកខ្ពស់ ចំពោះការងារ ច្រកចេញចូលតែមួយ ដើម្បីដោះស្រាយ ទុកលំបាក របស់ពលរដ្ឋ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែតែងយកចិត្តទុកដាក់ ចំពោះបញ្ហាការងារច្រកចេញចូលតែមួយ ដើម្បីធ្វើយ៉ាងណាដោះស្រាយទុកលំបាក របស់ប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ទើបតែតាំងថ្មី នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដី ការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ទៅលើការងារនេះ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវ ច្រកចេញចូលតែមួយ នៅតាម ខេត្ត-ក្រុង ” ។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បន្ដបង្កើនច្រកចេញចូលមួយបន្ថែមទៀត ហើយរាជរដ្ឋាភិបាល ក៏បន្ដធ្វើការងារជាមួយប្រជាពលដ្ឋ តាមរយៈការបណ្ដុះបណ្ដាល ធនធានមនុស្ស និងបំពាក់ឧបករណ៍ សំភារៈ និងប្រមូលសេវាបន្ថែម នៅច្រកចេញចូលតែមួយនេះ ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា នាពេលនេះរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាពស្ដ្រី និងប្រឆាំងអពើហិង្សាទៅលើស្ដ្រី ។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ចំពោះបញ្ហាបង្ក្រាបគ្រឿងញៀន ក្នុងរយ:ពេល២ឆ្នាំ មកនេះគឺ កម្ពុជាទទួលបានជោគជ័យ ដោយចាប់បានជាង១តោនកន្លះ ។ សម្ដេចក្រឡាហោម បញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនឡើយ ។

នាឱកាសនោះដែរ លោក Pablo Chiho Kangក៏បាន ថ្លែងអំណរគុណដល់ កម្ពុជា ដែលបានផ្ញើសារជូនភាគីអូស្ត្រាលី នាពេលកន្លងមកពាក់ព័ន្ធករណីភ្លើងឆេះព្រៃ ។ ហើយលោកទូត ក៏បានចូលរួមសោកស្ដាយ ចំពោះករណីបាក់រលំអាគារ នៅកម្ពុជានាពេលកន្លងមកផងដែរ ៕ ដោយ៖ អេង ប៊ូឆេង

To Top