ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូល សាខាខេត្តកំពង់ធំ ដកហូតចាហួយដូង ១៨កេស ពីអាជីវករ

កំពង់ធំ ៖ កំលាំងចម្រុះរួមមាន មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នង ការនគរបាលខេត្តកំពង់ធំ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ លោក ដួង សារ៉ន ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តំពង់ធំ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានចុះដកហូតចាហួយដូងម៉ាក (THANH BINH) ចំនួន១៨ កេស ។

លោក លៀង សុភា ប្រធានកាំកុងត្រូលសាខាខេត្តកំពង់ធំ បានលើកឡើងថា ចាហួយដូងម៉ាក (THANH BINH) ជាលផិតផល របស់ប្រទេសវៀតណាម គឺជាទំនិញហាមឃាត់ នាំចូល និងចរាចរណ៍នៅលើទីផ្សារ ព្រោះទំនិញនេះ ផ្សំឡើងពីសារធាតុកៅស៊ូ លាយជាមួយមេស្ករ ដែលធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋ ដែលបរិភោគយ៉ាងធ្ងន់ធ្ងរ ជាពិសេសកុមារ ។

លោកបន្តថា ចាហួយដូងម៉ាក (THANH BINH) លែងមានវត្តមាន នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ អស់រយៈជិត១ឆ្នាំមកហើយ​​ ។ ដោយឡែក ក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញកាំកុងត្រូល បានប្រទះឃើញចំនួន៣កេស នៅផ្សារឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ បន្ទាប់មកបន្តនីតិវិធីធ្វើកិច្ចសន្យា បញ្ឈប់ការលក់ដូរ និងធ្វើការស៊ីបសួរបន្ថែម រកទីតាំងចែកចាយ (ដេប៉ូ) ព្រមទាំងសុំគោលការណ៍ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះឆែកឆេរ ដេប៉ូ ចែកចាយលក់ដុំមួយកន្លែង ដែលមានម្ចាស់ឈ្មោះ លោក សេង ហ៊ុន និងលោកស្រី គុយ គីមហួយ មានទីតាំងនៅសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមរយៈការចែកចាយនូវទំនិញ ហាមឃាតរបស់ ម្ចាស់ដេប៉ូរូបនេះ, លោក ដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តំពង់ធំ បានបញ្ជាក់ថា អយ្យការសាលាដំបូងខេត្តកំពង់ធំ នឹងសាកសួរបន្ថែមលើជនសង្ស័យ ព្រមទាំងបន្តនីតិវធីច្បាប់ ចំពោះម្ចាស់ដេប៉ូនេះបន្ត ដូចមានចែងក្នុងមាត្រទី២៧ នៃច្បាប់ស្តីអំពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដែលធ្វើការផ្តោតសំខាន់ លើកិច្ចការពារអ្នកប្រើប្រាស់ ជាចម្បង ។

ក្នុងប្រតិបត្តិការនេះដែរ កាំកុងត្រូលសាខាខេត្តកំពង់ធំ បានធ្វើការដកហូតទឹកសុទ្ធដែល គ្មានកាលបរិច្ឆេទប្រើប្រាស់ ទឹកសុទ្ធគ្មានការអនុញ្ញាត្តិច្បាប់ ចំណុះ៥០០ml ចំនួនចំនួន៦ម៉ាក ដែលមានចំនួន សរុប ១.១២១យួរ ស្មើរ១៣.៤៥២ដប ដឹកជញ្ជូនមករក្សាទុករង់ចាំកំទេចចោល ។ ដែលនេះគឺជាកិច្ចការព្រមានដំបូង ដល់ម្ចាស់សិប្បកម្មទាំងអស់នេះ ប្រសិនបើក្រោយពីការធ្វើកិច្ច សន្យាជាលាយល័ក្ខអក្សរនេះ មិនធ្វើការកែប្រែតាមស្តង់ដា នឹងឈានទៅដល់បិទទីតាំងសិប្បកម្ម តែម្តង ៕

To Top