ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យ មាតា បិតា សិស្សទាំងអស់ត្រូវរៀបចំកន្លែងសិក្សាសមរម្យ សម្រាប់ឲ្យកូនៗសិក្សានៅផ្ទះ ព្រមទាំង បង្រៀនកូនផងដែរ ជាពិសេស មាតា បិតា សិស្សត្រូវប្រាប់អំពីការវិវត្តន៍ជំងឺ កូវីដ-១៩។
យោងតាមវិដេអូ លោក ហង់ជួន ណារ៉ុន រយៈពេលជាង៤នាទី បង្ហោះនៅក្នុងផេកក្រសួងអប់រំ កាលពីថ្ងៃទី២០ ខែមីនាថា «ខ្ញុំសូមថ្លែងអំណរគុណដល់ មាតា បិតា របស់សិស្សានុសិស្សទាំងអស់ ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការបង្ការទប់ស្កាត់ការរាលដាលនៅជំងឺ កូវីដ-១៩ ដែលកំពុងតែវាយលុកទៅលើគ្រប់ទាំងអស់ នៅលើក្នុងពិភពលោក»។
លោករំលឹកថា នាពេលថ្មីៗនេះ ក្រសួងអប់រំមានគោលដៅបង្ការទប់ស្កាត់ នៃការរាលដាលជំងឺ កូវីដ-១៩ ហើយក្រសួងក៏បានសម្រេចចិត្ត ដាក់ឲ្យអនុវត្តវិស្សមកាលតូច មុនការកំណត់រហូតដល់ពេល ជូនដំណឹងតាមក្រោយ។លោក ស្នើឲ្យ មាតា បិតា សិស្សទាំងអស់ត្រូវណែនាំកុំឲ្យកូនដើរលេង នៅកន្លែងដែលអាចមានហានីភ័យខ្ពស់ចំពោះសុខភាព ជាពិសេស ណែនាំកូនៗត្រូវរក្សានៅអនាម័យ លាងដៃ និងសាប៊ូ ឲ្យបានច្រើននិងទៀងទាត់ពេលវេលា។
លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា «ដើម្បីធានាបានបន្ដការសិក្សា ក្រសួងស្នើសុំឲ្យ មាតា បិតា រៀបចំកន្លែងនៅក្នុងផ្ទះ ឲ្យមានបរិស្ថានសិក្សាសមស្រប មានតុ មានកៅអី។ ហើយប្រសិនបើអាចមាន កុំទ្យូទ័រ អ៊ីនធឺណែត ហើយជាពិសេស សូម មាតា បិតា អាណាព្យាបាលជួយកូនក្នុងការស្វែងរកឯកសារ សម្រាប់រៀនបន្ថែម ដោយប្រើប្រាស់នូវសៀវភៅគោសិក្សា ដែលក្រសួងបានដាក់ចេញ ក៏ដូចជា ស្វែងរកនៅឯកសារបន្ថែមទៀត តាមអ៊ីនធឺណែត តាមយូធូប ក៏ដូចជា ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង ដែលក្រសួងបានថតតាមមេរៀន តាមថ្នាក់ នីមួយៗ ក្នុងរយៈពេលកន្លង »។
លោកបន្ថែមថា ជាពិសេស មាតា បិតា ត្រូវពន្យល់ប្រាប់សិស្សានុសិស្សឲ្យបានជ្រាបពីបញ្ហាជំងឺ កូវីដ-១៩នេះ ជាពិសេស ការឆ្លងជំងឺ ក៏ដូចជា វិធីផ្សេងៗនៅក្នុងការបង្ការទប់ស្កាត់ ដើម្បីឲ្យសិស្សគ្មានការភ័យខ្លាច ហើយនឹងមានអារម្មណ៍ នឹងន នៅក្នុងចិត្ត ដើម្បីចូលរួមចំណែកនៅក្នុងការបង្ការទប់ស្កាត់ជំងឺនេះ ជាពិសេស ដើម្បីធានាឲ្យបាន សុខមាភាព ក្នុងគ្រួសារ។
លោកស្នើឲ្យ មាតា បិតា ត្រូវលេងជាមួយកូនៗ ឲ្យបានច្រើន ជាពិសេស ពន្យល់ប្រាប់កូនៗ ដើម្បីឲ្យកូនៗ មិនមានការភ័យខ្លាច ហើយ មាតា បិតា ត្រូវស្ដាប់កូនវិញផងដែរ ដើម្បីបន្ថយនៃការភ័យខ្លាច ដែលអាចកើតមានឡើង នៅក្នុងក្រុមគ្រួសារ។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងអប់រំថា «ខ្ញុំអំពាវនាវ ទៅដល់មាតា បិតា ទាំងអស់ ត្រូវប្រាប់កូនអំពីការវិវត្តន៍ស្ថានភាព នៃការឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ នៅកម្ពុជា។ដែលនាពេលបច្ចុប្បន្ននេះនៅមិនទាន់មានសភាពខ្លាំងក្លានៅឡើយ ក៏ប៉ុន្ដែ ត្រូវទាមទារឲ្យគ្រួសារទាំងអស់ តាមដានឲ្យបានដិតដល់ អំពីការវិវត្តពីមួយថ្ងៃទៅមួយ ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល នៅក្នុងបង្ការទប់ស្កាត ជំងឺ កូវីដ-១៩នេះ»៕ដោយ៖ អេង ប៊ូឆេង