ព័ត៌មានជាតិ

សម្ដេចតេជោ​ ៖​ កម្ពុជាបានត្រៀមរោងចក្រ ផលិតម៉ាសខ្លួនឯង​ ចាប់ពីពេលនេះតទៅ​

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានថ្លែងថា​ មកទល់ពេលនេះកម្ពុជា​ បានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះតទៅ​ អាច​ ផលិតបាន​ ១លាន​ ២សែនម៉ាស។ 

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសរសេរ​នៅលេីបណ្ដាញសង្គម​ ហ្វេសប៊ុក​ នារសៀល​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០២០ថា​ ពលរដ្ឋកម្ពុជា​ មានជំនឿទុកចិត្តលើវិធានការសុខភាពសាធារណៈ​ របស់រាជរដ្ឋាភិបាល។ 

សម្ដេចតេជោ​ បន្ដថា​​ ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារឲ្យបានល្អ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំអាល់កុល ឬចឹលលាងដៃសម្លាប់មេរោគបាក់តេរី។ 

សម្ដេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍ថា​ “មកទល់ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លា២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាពផលិតអោយបានច្រើនថែមទៀត”។ 

សម្ដេចតេជោ​ បញ្ជាក់ថា​ រាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត ព្រោះត្រូវការលើសពីនោះ។

ជាមួយ​គ្នានេះដែរ​ នាយករដ្ឋមន្រ្តីកម្ពុជា​ បានឲ្យដឹងថា​ សំភារៈពេទ្យ​ ដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយសំភារៈមួយចំនួនទៀតដែលយើងផលិតមិនបានគឺនឹងនាំមកពីក្រៅប្រទេស។ សំភារៈពេទ្យយើងមួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសំភារៈបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏យើងត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសំភារៈនិងបរិក្ខារពេទ្យមួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង។

ក្រៅពីត្រៀមបម្រុងសំភារៈបរិក្ខារពេទ្យរួចរាល់ហើយ គឺយើងបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានអោយនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករនិងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។ 

ជាងនេះទៅទៀត​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ប្រជាពលរដ្ឋកុំអោយមានការតក់ស្លុតអោយសោះ កម្ពុជាមិនអោយមានសភាពស្លាប់គរជើងដូចឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ ក៏សូមប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីដ-១៩៕

ដោយ​  អេង​ ប៊ូឆេង​

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×