ព័ត៌មានជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញឲ្យរោងម៉ាស៊ីនកិនស្រូវ បន្ដទិញស្រូវ ពីកសិកតាមតម្លៃទីផ្សារ

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ជំរុញឲ្យ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមាន ឃ្លាំងស្ដុកស្រូវ ត្រូវបន្ដការទិញស្រូវពីកសិករ ក្នុងតម្លៃសមរម្យទៅតាមតម្លៃទីផ្សារ។

យោងតាមសេចក្ដីជូនដំណឹងរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់សាជាថ្មី ដល់សមាជិក សមាជិកា ទាំងអស់ ដែលជារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ឲ្យបានជ្រាបថា ដើម្បីធានាសន្ដិសុខ ស្បៀង ជាពិសេស អង្ករសម្រាប់បង្ការត្រៀមទុក ក្នុងករណីដែល កាលៈទេសៈប្រទេសកម្ពុជា និងពិភពលោក មានការរីករាលដាល នៃការឆ្លងជំងឺ កូវីដ-១៩ ក្នុងរយៈពេលវែង។

សហព័ន្ធស្រូវអង្ករ បន្ដថា ដើម្បីជួយដល់ប្រជាកសិករ ដែលមានស្រូវនៅសល់ត្រូវការលក់ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិការបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាឥណទាន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ដែលខ្វះខាតទុកបង្វិល ក្នុងការទិញស្រូវ។

សហព័ន្ធស្រូវអង្ករ បញ្ជាក់ថា «សូមជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ជាពិសេស បណ្ដារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមានឃ្លាំងស្ដុក សូមមេត្តាចូល រួមបន្ដការទិញស្រូវ អ៊ីអ៊ែរ៨៥ (IR៨៥) អ៊ីអ៊ែរ ៥០៤ (IR៥០៤) អូអឹម៥៤៥១ (OM៥៤៥១) និងស្រូវប្រភេទផ្សេងទៀត ពីកសិករដែលផលិតបាន ក្នុងតម្លៃមួយ សមរម្យតាមតម្លៃទីផ្សារ ផងដែរ»។

សូមរំលឹកថា នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើសេចក្ដីសម្រេច ឲ្យផ្អាកការនាំចេញស្រូវ និងអង្ករ ស មួយរយៈពេល រហូតដល់មានការជូនដំណឹងសារជាថ្មី ដែលត្រូវចូលជាធរ មានចាប់អនុវត្ត ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នេះតទៅដើម្បធានាការផ្គត់ផ្គង់ ក្នុងស្រុកក្នុងអំឡុងកម្ពុជា ជួបវិបត្តិជំងឺកូវីដ១៩៕ដោយ ៖ អេង ប៊ូឆេង

To Top