ព័ត៌មានជាតិ

សម្ដេចតេជោរំលឹកពលរដ្ឋ ធ្វើអនាម័យឱ្យបានល្អ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារកូវីដ១៩

ភ្នំពេញ ៖ ស្របពេលដែលកម្ពុជា កំពុងតែមានការរីករាលដាលខ្លាំង ពីវីរុសកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា បានបន្តអំពាវនាវ ក៏ដូចជារំលឹក ដល់ប្រជាពលរដ្ឋបន្ត ធ្វើអនាម័យឱ្យបានល្អ ដើម្បីបញ្ជៀសទប់ស្កាត់ប្រឆាំងជាមួយនឹងវីរុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាយការណ៍ជាបន្ទាន់ បើសង្ស័យថាមានឆ្លងកូវីដ១៩ ដោយសហការជាមួយមន្ទីរពេទ្យ នៅទូទាំងរាជធានី-ខេត្ត។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ សម្ដេចបានថ្លែងសារអរគុណ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្ត ទុកដាក់បង្កើនការប្រុងប្រយ័ត្ន លើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផងដែរ។

សម្ដេចសង្កត់ធ្ងន់ថា គ្រប់គ្នាមានការយល់ដឹង គ្រប់គ្នាចូលរួម គឺប្រាកដជាទប់ស្កាត់ បាននូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាមិនខាន។

សម្ដេចបន្ថែមថា “សូមបងប្អូនជនរួមជាតិ បន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យណាមួយ”។

ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្រ្តី ក៏បានជូនពរឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយជួបជុំ ជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អ ក្នុងថ្ងៃចុងសប្តាហ៍ និងក្នុងថ្ងៃឆេងម៉េងគ្រប់ៗគ្នា ។

សម្ដេចក៏បានរំលឹកពលរដ្ឋ ត្រូវដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរី និងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាបានរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១១៤នាក់ ខណ:អ្នកជាសះស្បើយកើនដល់៤៩នាក់ ៕ ដោយ៖ធី លីថូ

To Top